(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ក្រុមយុវជន និងអ្នកស្ម័គ្រចិត្ត រៀបចំពិធីអបអរខួបទី៦៧ឆ្នាំ ទិវាកំណើតកាកបាទក្រហមកម្ពុជា(១៨ កុម្ភៈ១៩៥៥- ១៨ កុម្ភៈ ២០២២) និងពិធីបំពាក់កន្សែងជូនយុវជន កាកបាទក្រហម នៅវិទ្យាល័យហ៊ុនសែនតាំងគោក។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឡើងធ្វើរបាយការណ៍ និងបានបញ្ជាក់ថា អនុសាខាកាកបាទក្រហមស្រុកបានដំណើរការរបស់ខ្លួនកន្លងមកដោយ ទទួល បានការជួយគាំទ្រដ៏សកម្មពីព្រះគ្រូ ព្រះអនុគណស្រុក ព្រះសង្ឃតាមបណ្តាវត្ដ អាចារ្យ គណៈកម្មាធិការវត្ត និងសប្បុរសជននានាក្នុងស្រុក ធ្វើឲ្យកាកបាទក្រហម ស្រុក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង ភាពចាំបាច់នៅមូលដ្ឋានដូចជា៖ ជនដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង គ្រួសារដែលមានជីវភាពខ្វះខាត ស្ត្រីមេម៉ា គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ខ្យស់កន្ត្រាក់បំផ្លាញផ្ទះសំបែងផ្សេងៗ ស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមគោលការណ៍ណែនាំរបស់កាកបាទក្រហម ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជួយដោះស្រាយ»

លោកស្រី លំ គន្ធារី បានថ្លែងថា ចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៥ រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ ស្ថិតក្រោមការណែនាំ និងឧបត្ថម្ភគាំទ្រ សម្ភារៈស្មារតីពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់គណៈសប្បុរសជនពីគ្រប់ជ្ឈដ្ឋានផងនោះ សាខាកាកបាទក្រហមកម្ពុជា និងការចូលរួមប្រកប ដោយបេះដូងមនុស្សធម៌ របស់កម្មាធិការអាណត្តិនីមួយៗ និងដោយមានយុទ្ធសាស្ត្ររបស់ថ្នាក់ជាតិ ជាត្រីវិស័យ បានអនុវត្តប្រកបដោយវឌ្ឍនភាពនូវវិស័យស្នូលទាំង៤ តាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ។

លោកស្រី លំ គន្ធារី បានបញ្ជាក់ថា ដោយមើលឃើញថា យុវជនកាកបាទក្រហមកម្ពុជា គឺជាកំលាំងស្នូល មិនអាចខ្វះបានក្នុងការងារមនុស្សធម៌ ទើបឱកាសខួបទី៦៧ ទិវាកំណើតកាកបាទក្រហមកម្ពុជា សាខាបានភ្ជាប់ជាមួយពិធីបំពាក់ឯកសណ្ឋាយុវជនកាកបាទក្រហមកម្ពុជា ជូនយុវសិស្សចំនួន១៧១នាក់ មកពី៣វិទ្យាល័យ (វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ វិទ្យាល័យទ្រៀល និងវិទ្យាល័យហ៊ុនសែនតាំងគោក) របស់ស្រុកតាំងគោក ពិសេសសូមចូលរួមនៅរក្សាអនាម័យ (បីកុំបីការពារ) តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវជំងឺអូរមីក្រុងដែលបំលែងថ្មីនេះ ។

លោកស្រី លំ គន្ធារី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមន្រ្តីបង្គោល ក្រុមប្រតិបត្តិសាខា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន នៃគ្រឹះស្ថានសិក្សាទាំង៣គោលដៅ ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នាអនុវត្តទិសដៅ និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្មដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ការពង្រឹងសមត្ថភាព និងការពង្រីកបណ្តាញយុវជនកាកបាទក្រហម ដោយឈរលើយុទ្ធសាស្ត្រ (២០២១, ២០៣០) និងវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបាន លទ្ធផលល្អគួរឱ្យកត់សំគាល់ផងដែរ៕