(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំសន្និបាតនៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ សម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ គោលបំណងក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកាគណៈកម្មការនិមួយៗ ដើម្បីឱ្យអង្គសន្និបាតអាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុកដែលជាសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថាការប្រារព្ធ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់ បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបាន ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធី នយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤នៃ អណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា «ម៉្យាងទៀតដើម្បីទាក់ទាញយកនូវការ សន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនា ឆ្នាំខាងមុខ»។

សូមជម្រាបជូនថា ពិធីសន្និបាតនេះ ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាជិកាអនុគណៈកម្មការទាំងអស់ នឹងខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីសន្និបាតរបស់រដ្ឋបាលខេត្តមានដំណើរការប្រកបដោយជោគជ័យ៕