(ភ្នំពេញ)៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុតជនសង្ស័យជាជនជាតិចិនម្នាក់ ដែលបានធ្វើទារុណកម្មជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់ ហើយបានរត់គេចខ្លួនជិត២ឆ្នាំនោះ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមបង្ក្រាបបានហើយ នៅចំណុចមុខណាហ្គា២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈជនសង្ស័យកំពុងជិះរថយន្តគេចខ្លួន នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ដោយយោងតាមលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ យី សោស៊ែន ភេទប្រុស ជនជាតិចិន ទីកន្លែងកំណេីតនៅ FUDIAN ប្រទេសចិន កាន់លិខិតឆ្លងដែនលេខEE5627627 ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ ប្រព្រឹត្តនៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

បើតាមលោកឧត្តមសេនីយ៍ទោ ជាវ វិបុល បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕