(បាងកក)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ Sikh Muhammad Bin Abdulkarim Al-Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ពីសាកលវិទ្យាល័យហ្វាតូនី ប្រទេសថៃ។

ពិធីនេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យហ្វាតូនី (Fatoni University) ដោយបានជ្រើសរើសសណ្ឋាគារ Al Meroz Hotel ទីក្រុងបាងកកប្រទេសថៃ ជាកន្លែងប្រារពពិធី និងរៀបចំក្រោមអធិបតីភាព លោក Wan Muhamad Noor Matha ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យហ្វាតូនី ព្រមទាំងបុគ្គលសំខាន់ៗ ក្នុងប្រទេសថៃប្រមាណជា ២០០នាក់។

ក្រោយពីបញ្ចប់កម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសខាងលើ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏មានជំនួបពិភាក្សាការងារជាមួយ Sikh Muhammad Bin Abdul Karim Al-Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាមផងដែរ។

សូមរំលឹកថា លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យអន្តរជាតិដ៏ធំជាងគេ ក្នុងតំបន់ភាគខាងត្បូងប្រទេសថៃនេះដែរ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ លោក អូស្មាន ហាស្សាន់ ជាឥស្សរជនទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពី Tun Dr. Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស កាលពីឆ្នាំ២០១៤ កន្លងទៅ៕