(ព្រះសីហនុ)៖ លោក Barak Ekhstein ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន TONTOTON បានបញ្ជាក់ថា សហគមន៍អាចធ្វើការលុបបំបាត់កាកសំណល់ប្លាស្ទិក ដែលមានរហូតដល់ទៅ ១៨០តោន ដោយប្រើវិធីសាស្រ្តច្នៃប្រឌិត។ នេះជាដំណោះស្រាយមួយដែលសហគមន៍តែងតែអនុវត្តធ្វើក្នុងការប្រើប្រាស់ការច្នៃប្រឌិត នៅខណៈពេលដែលពួកគេបានរកឃើញនូវប្រសិទ្ធភាព ដើម្បីកាត់បន្ថយកាកសំណល់បា្លស្ទិក ដែលជាសារធាតុគីមីពុល។

ដោយបានមើលឃើញពីភាពជោគជ័យ នៃគម្រោងនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជានាពេលនេះ កម្មវិធីឥណទានប្លាស្ទិក TONTOTON ដែលបានចាប់ផ្តើមធ្វើការប្រមូល និងសម្អាតនៅតាមភូមិចំនួន៣ ក្នុងក្រុងព្រះសីហនុ លើកាកសំណល់ប្លាស្ទិកប្រមាណ១៨០តោន ក្នុងរយៈពេលបីខែដំបូងនៃកិច្ចប្រតិបត្តិការនឹងធ្វើការបង្ហាញពីភាពជោគជ័យនៃសកម្មភាព និងធ្វើបទបង្ហាញពីផែនការរួមនៃការតភ្ជាប់គ្នារវាងភូមិ និងសហគមន៍ក្រោមគោលដៅរួមមួយហោថា «ឆ្នេរសមុទ្រគ្មានប្លាស្ទិក» តាមរយៈកម្មវិធីសម្ពោធឱ្យដំណើរការដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ក្រោមប្រធានបទ «សន្និសីទសម្ពោធដាក់ឱ្យដំណើរការដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក» ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរួមគ្នារវាងក្រសួងបរិស្ថាន រដ្ឋាភិបាលខេត្តព្រះសីហនុ ស្ថានទូតជប៉ុន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ UN-Habitat អង្គការ Global Plastic Action Partnership ក្រុមហ៊ុន ClimeCo ដែលជាក្រុមហ៊ុនឧបត្ថម្ភគាំទ្រ ក្រុមហ៊ុន Chip Mong Insee ជាក្រុមហ៊ុនដៃគូដំណោះស្រាយ បណ្តាអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដៃគូ ប្រព័ន្ធផ្សព្វផ្សាយនានា និងជាពិសេសសមាជិកសហគមន៍។

បើតាមលោក Barak Ekhstein បានឱ្យដឹងថា នេះគឺជាគោលការណ៍មួយដែលដឹកនាំក្រុមហ៊ុន TONTOTON ក្នុងការបង្កើតដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមានសមត្ថភាពអាចលុបបំបាត់សំណល់ប្លាស្ទិក រាប់ពាន់តោនពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច ហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។

លោកបានបញ្ជាក់ថា៖ «ភាពម្ចាស់ការនៅក្នុងសហគមន៍ គឺជាគន្លឹះជោគជ័យនៃគម្រោងរបស់យើង។ វាជារឿងសំខាន់ណាស់ ដែលអ្នកភូមិជាអ្នកមើលការខុសត្រូវដោយផ្ទាល់ក្នុងការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយយល់ដឹងពីសារៈប្រយោជន៍ និងមានឧបករណ៍ត្រឹមត្រូវ ក៏ដូចជាការលើកទឹកចិត្ត ដើម្បីធានានាបាននូវបរិស្ថានប្រកបដោយនិរន្តរភាព»

ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងនេះ យុទ្ធនាការអប់រំ និងលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍ ត្រូវបានធ្វើឡើងតាមរយៈការប្រជុំតាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូបសញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។

ជុំវិញរឿងនេះ លោក Kristin Hughes អង្គការ Global Plastic Action Partnership (GPAP) បានលើកឡើងថា៖ «ជាផ្នែកមួយនៃសកម្មភាពរបស់ GPAP ដែលទទួលស្គាល់ការច្នៃប្រឌិតថាជាកត្តាជំរុញដ៏សំខាន់ ក្នុងការដោះស្រាយការបំពុលប្លាស្ទិក តាមរយៈបណ្តាញច្នៃប្រឌិតប្លាស្ទិកសកលរបស់យើង យើងមានការប្តេជ្ញាចិត្ត និងរំភើបក្នុងការធ្វើការជាមួយអ្នកច្នៃប្រឌិតដែលតែងបំផុសគំនិតច្នៃប្រឌិតល្អៗ ដូចជា TONTOTON ដែលកំពុងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទាំងក្នុងកម្រិតជាតិ និងសកលលោកផងដែរ»

តាមរយៈបណ្តាញច្នៃប្រឌិតប្លាស្ទិកសកល GPAP បានប្តេជ្ញាចិត្តធ្វើការជាមួយអ្នកច្នៃប្រឌិតដែលតែងបំផុសគំនិតច្នៃប្រឌិតល្អៗ ដូចជា TONTOTON ដែលកំពុងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទាំងក្នុងកម្រិតជាតិ និង សកលលោក។

ឆ្នេរសមុទ្រគ្មានប្លាស្ទិក លុបបំបាត់ចន្លោះប្រហោងក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ទន្ទឹមនឹងការផ្តល់ភាពអង់អាចទៅដល់ សហគមន៍មូលដ្ឋាន។ តាមរយៈការផ្តោតលើសំណល់ប្លាស្ទិកដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច អ្វីគ្រប់យ៉ាងដែលទីផ្សារកែច្នៃប្រើប្រាស់ឡើងវិញមិនអាចទទួលយកមកវិញ នឹងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធរបស់ក្រុមហ៊ុន TONTOTON។

កម្មវិធីនេះផ្តោតគោលដៅលើទីតាំងតំបន់ឆ្នេរដែលទទួលរងការបំពុលខ្លាំងបំផុត ដែលជាធម្មតាមិនត្រូវបានគ្រប់គ្រងដោយរមណីយដ្ឋាន ឬអាជីវកម្មឯកជន និងនៅក្រៅក្រសែភ្នែករបស់អ្នកទេសចរ។ ទន្ទឹមនឹងនោះដែរ ប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន TONTOTON ក៏មានសកម្មភាពសហគមន៍មូលដ្ឋាន ដែលរួមមានការលើកកម្ពស់ការយល់ដឹង ការប្រជុំសហគមន៍ក្នុងព្រឹត្តិការណ៍នានា ការដាក់រូបសញ្ញា ការចូលរួមរបស់អ្នកប្រមូលសំរាម និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលនឹងផ្តល់ផលវិជ្ជមាន និងទ្រទ្រង់កម្មវិធីប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅដំណាច់ឆ្នាំ ២០២២ យ៉ាងហោចណាស់ នឹងមានមជ្ឈមណ្ឌលប្រមូលសំរាមចំនួន៥កន្លែង ធ្វើសកម្មភាពយ៉ាងសកម្មក្នុងការប្រមូលយកកាកសំណល់ ប្លាស្ទិកពីក្រុមសហគមន៍ប្រមូលសំរាមនៅតាមឆ្នេរសមុទ្រកម្ពុជា ដែលឈានទៅដល់គោលដៅរបស់ខ្លួនក្នុងការលុបបំបាត់ការលេចធ្លាយកាកសំណល់ប្លាស្ទិកប្រមាណ ៣,០០០តោន៕