(អាមេរិក)៖ លោក Steven Thomas អតីតសិស្សសាលាយោធា West Point និងជាមន្ត្រីយោធាចូលនិវត្តន៍ នៅផ្នែករថក្រោះរបស់អាមេរិក បានបង្ហាញពីការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សា និងឆ្លងកាត់ការប្រឡងយ៉ាងតឹងតែងបានដោយជោគជ័យ។

បើតាមការសង្កេតរបស់លោក Steven Thomas និស្សិតយោធាបរទេសភាគច្រើន ដែលបញ្ចប់ការសិក្សានៅសាលាយោធាដ៏ល្បីមួយនេះ ហើយត្រឡប់ទៅកាន់ប្រទេសរបស់គេវិញ គឺបានក្លាយជាមេដឹកនាំខាងផ្នែកយោធាផងដែរ។

លោកបានអះអាងទៀតថា តាមបទពិសោធន៍ផ្ទាល់របស់លោក ទំម្រាំងដែលបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រនោះ គឺត្រូវឆ្លងកាត់ដំណាក់កាលច្រើនណាស់ មិនមែនជារឿងងាយស្រួលនោះទេ។

លោកបានបញ្ជាក់បែបនេះថា «បើយើងក្រឡេកមើលនិស្សិតយោធាបរទេស នៅសាលា West Point យើងឃើញថាមានអ្នកខ្លះពេលបានវិលត្រឡប់ទៅកាន់ប្រទេសគេវិញក៏បានក្លាយជាមេដឹកនាំនៃប្រទេសរបស់ខ្លួន មិនមែនមានន័យថាករណីបែបនេះមានដល់រាប់ពាន់ ឬក៏រាប់លាននាក់នោះទេ។ រាល់និស្សិតយោធាម្នាក់ៗ ដែលបានចូលរៀននៅសាលានោះ ត្រូវតែឆ្លងកាត់ដំណើរការមួយដែលតឹងតែង»។ ហើយផ្អែកតាមបទពិសោធ ដែលខ្ញុំឆ្លងកាត់នោះ យើងត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងថែមទៀត ខ្ញុំជាអ្នកគាំទ្រឲ្យមាននិស្សិតយោធាបរទេសមកសិក្សានៅសហរដ្ឋអាមេរិក ខ្ញុំមានក្ដីរីករាយនៅពេលដែលដឹងថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត មាននិស្សិតយោធាដែលមករៀននៅសាលានេះ»

ជាមួយគ្នានេះ លោកក៏បង្ហាញនូវការប្រតិកម្មចំពោះជនអគតិមួយចំនួន ដែលរិះគន់ និងតិះតៀនការសិក្សានៅសាលា West Point របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតផងដែរ ព្រោះលោកដឹងច្បាស់ថា ការបញ្ចប់ការសិក្សានៅសាលានេះមិនងាយស្រួលនោះទេ៕

សូមស្ដាប់ការលើកឡើងរបស់អតីតសិស្សសាលា West Point និងជាមន្ដ្រីយោធាចូលនិវត្តន៍ នៅខាងក្រោមនេះ៖