(កំពត)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកស្រី បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងទូទាំងខេត្តកំពត ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានអបអរចំពោះលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងលោកស្រី ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពត ដែលបានស្ម័គ្រចិត្តចូលរួមក្នុង សកម្មភាពសមាគមនារី សរុបចំនួន៧៦រូប តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកំពត ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមនាថ្ងៃនេះ នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

*ទី១៖ ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សាខាសមាគមនារីខេត្ត ដែលទើបបានតែងតាំងនាពេលនេះ។
*ទី២៖ ត្រូវបង្កើនប្រសិទ្ធិភាព ការពាររាងកាយពីមេរោគកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បីបន្តដល់ដូសទី៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូស ដែលបានចាក់រួចហើយនោះទេ។
*ទី៣៖ បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ។
*ទី៤៖ ចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»៕