(ប៉ៃលិន)៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំបើកវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មការកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក។

ក្នុងវគ្គបំប៉ននោះ លោកស្រី បាន ស្រីមុំ បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រីអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានសហការជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្នុងការបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីថ្នាក់ដឹកនាំ ដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធ និងវឌ្ឍនភាពការងារ និងស្វែងយល់ពីចរិកលក្ខណៈដែលមានសក្ដានុពលក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទី និងភារកិច្ចដែលបានកំណត់ដោយច្បាប់ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រីអភិបាលខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់ពីរគ្រូឧទេ្ទស ត្រូវហ៊ានសួរនូវចម្ងល់ ឬចំណុចណាមួយដែលមិនទាន់យល់ច្បាស់ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានផុសផុល ដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិសហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយជាតិបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅលើកកម្ពស់សមភាពយេនឌ័រលើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើដល់ស្រ្តីជាថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិនទាំងថ្មី និងចាស់ គឺត្រូវបន្តនូវប្រពៃណីដឹកនាំដ៏ល្អរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងត្រូវខិតខំធ្វើការងារបម្រើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្តរបស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត ជាពិសេស គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យល្អ៕