(ភ្នំពេញ)៖ លោក Leong Wai Kit អ្នកឆ្លើយឆ្លងព័ត៌មាន Channel News Asia (CNA) ប្រចាំប្រទេសមីយ៉ាន់ម៉ា បានសរសេរសារមួយកោតសរសើរចំពោះកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរក្នុងសាររបស់ខ្លួន លោក Leong Wai Kit បានរៀបរាប់ដូចតទៅ៖

«ស្វាគមន៍យ៉ាងកក់ក្តៅ និងស្មោះស្ម័គ្រពី CNA សិង្ហបុរី!ខ្ញុំសរសេរនេះដើម្បីថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នក និងក្រុមការងារដែលបានធ្វើការងារដ៏អស្ចារ្យ ក្នុងការជួយគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូចជាខ្លួនខ្ញុំ និងមិត្តរួមការងាររបស់ខ្ញុំ។ តាមពិតមុនពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំក៏ធ្លាប់បានដឹងរួចមកហើយថា កម្ពុជាជាប្រទេសដ៏រួសរាយរាក់ទាក់ និងទទួលស្វាគមន៍ភ្ញៀវដ៏កក់ក្តៅតាមរយៈក្រុមរបស់អ្នក។

មុនពេលធ្វើដំណើររបស់ខ្ញុំ ខ្ញុំបានទាក់ទងជាមួយ លោក Sles Alfin ដែលមិនត្រឹមតែបានជួយក្នុងការរៀបចំការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបយ៉ាងលឿនរហ័យចំពោះសំណួរយើងខ្ញុំ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកយើងទទួលបានការមើលថែរក្សាយ៉ាងល្អ ហើយចំណុចដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ៖
១៖ ការឆ្លើយតបរបស់ក្រុមចំពោះសំណួរ។
២៖ ភាពច្បាស់លាស់ និងការរៀបចំសណ្តាប់ធ្នាប់ដែលបានដាក់ឱ្យដំណើរការប្រព័ន្ធផ្សព្វផ្សាយពីកន្លែងមួយទៅកន្លែងមួយទៀត។
៣៖ សមត្ថភាពគិតដោះស្រាយបញ្ហាយ៉ាងឆាប់រហ័សនៃក្រុមរបស់អ្នក ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជាការចេញប័ណ្ណអនុញ្ញាតចូលផ្នែកប្រព័ន្ធផ្សព្វផ្សាយសារឡើងវិញសម្រាប់ក្រុមខ្ញុំ។
៤៖ ការគិតគូរពីក្រុមរបស់អ្នកបានធានាថា យើងតែងតែដឹង និងរំលឹកជានិច្ចអំពីព្រឹត្តិការណ៍នានា។
៥៖ ខ្ញុំក៏រំភើបបំផុតដោយបានទំនាក់ទំនងជាមួយលោក Sles Alfin ក្នុងការធានាថា ក្រុមរបស់ខ្ញុំមិនខកខានអាហារមួយពេលណាទេ។

សំខាន់ជាងនេះទៅទៀត ការខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជួយយើងធ្វើការងាររបស់យើងបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃមិត្តភាព និងឯកភាពអាស៊ានដ៏ល្បីល្បាញតាមរយៈអន្តរកម្មរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំការកសាងស្ពានបែបនេះបន្ថែមទៀតតាមរយៈការងារនាពេលអនាគតរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំទន្ទឹងរង់ចាំពេលវេលាដ៏រីករាយ និងកិច្ចសហប្រតិបត្តិការជាមួយអ្នក ក្រុមការងារ និងបងប្អូនជនរួមជាតិរបស់អ្នក៕

ដោយក្តីគោរពពី Leong Wai Kitអ្នកឆ្លើយឆ្លងព័ត៌មាន CNA ប្រចាំ Myanmar»។

សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ មានប្រទេសសមាជិកអាស៊ាន ចំនួន ៦ បានចូលរួមដោយផ្ទាល់ និង៣ប្រទេស គឺប្រទេសថៃ និងប្រ៊ុយណេ បានចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសវៀតណាម ក៏ចង់ចូលរួមដោយផ្ទាល់ដែរ ប៉ុន្តែពេលមកដល់កម្ពុជា លោកត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ហេតុនេះហើយ ទើបលោកត្រូវចូលរួមតាមប្រព័ន្ធអនឡាញវិញ។ សម្រាប់មីយ៉ាន់ម៉ា គឺមិនបានចាត់តំណាងឲ្យចូលរួមឡើយ ប៉ុន្តែបានចូលស្តាប់តាមតំណរភ្ជាប់ (Link) អំពីកិច្ចប្រជុំ។ នេះបើតាមប្រមុខការទូតកម្ពុជា៕