(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលបុស្តិ៍សង្កាត់រដ្ឋបាលស្លក្រាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀនមួយត្រង់ចំណុចក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៣២កញ្ចប់។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ថា ជនសង្ស័យទាំង៣នាក់ខាងលើមានឈ្មោះ៖ ទី១ឈ្មោះ ណៃ សុខឌី អាយុ៣៦ឆ្នាំ ទី២ឈ្មោះ ណៃ តារា អាយុ៣២ឆ្នាំ និងទី៣ឈ្មោះ គឹម សុផា អាយុ៣២ឆ្នាំ។ ចំណែកវត្ថុតាងដែលដកហូតបាន មានថ្នាំប្រភេទ មេតំហ្វេតាមីនចំនួន៣២កញ្ចប់(ធំ៥ តូច២៧)ទម្ងន់សរុបចំនួន២៣.៩ក្រាម និងទូរស័ព្ទដៃចំនួន៤គ្រឿងទៀត។

ក្រោយពីបានឃាត់ខ្លួនរួចហើយ កម្លាំងនគរបាលរបស់លោក បានបញ្ជូនជនសង្ស័យទៅតុលាការដើម្បី ឱ្យព្រះរាជាអាជ្ញាធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងនគរបាលខេត្ត ក៏បានចុះបង្ក្រាបអំពើជួញដូរគ្រឿងញៀនមួយផងដែរ នៅត្រង់ចំណុចសង្កាត់គោកចក និងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតបានម្ស៉ៅក្រាម ប្រភេទមេតំហ្វេតាមីន ចំនួន៣៩កញ្ចប់ ទូរស័ព្ទដៃ៧គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារមួយចំនួនផងដែរ៕