(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្ត កំពង់ចាម បានជួបសំណេះសំណាល ជាមួយបងប្អូនកម្មកររោងចក្រ មេនហាថេន ចំនួន ៣,៥៤២នាក់ នៅរសៀល ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីអបអរសាទរ ក្នុងឱកាសនៃការប្រារព្ធ ពិធី​ទិវាពលកម្មអន្តរជាតិ១ឧសភា លើកទី ១៣០ ។

ជាមួយនឹងខ្លឹមសារ នៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអភិបាលខេត្ត បានលើកទឹកចិត្តបន្ថែម ដល់និយោជិត និងនយោជក ឲ្យខិតខំបង្កើន សមត្ថភាព និងផលិតភាពការងារ ក្នុងន័យលើកកម្ពស់ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោក លន់ លឹមថៃ បានបន្តថា បាតុកម្មភាគច្រើន ត្រូវបានសន្និដ្ឋានថា ជារឿងនយោបាយ ហើយមិនធ្វើឲ្យចំណេញទេ ទាំងនិយោជិត នយោជក និងសង្គមជាតិទាំងមូល ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំអំពីការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ដែលអាចនាំឲ្យប៉ះពាល់ ដល់ជីវភាពគ្រួសារ និងបានពន្យល់ឲ្យបងប្អូនកម្មករ ឲ្យ យល់អំពីការអភិវឌ្ឍ របស់ប្រទេសជាតិ​ទាំងមូល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕