(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធចោលទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសចំនួន៤រូប ដែលបង្កឱ្យមានការភ័ន្តច្រទ្បំ គ្មានទំនួលខុសត្រូវ និងពុំផ្អែកលើមូលដ្ឋាននៃអង្គហេតុពិត ពាក់ព័ន្ធនឹងវិធានសុខាភិបាល និងវិធានការផ្លូវច្បាប់ អនុវត្តចំពោះការធ្វើកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនខែ។

ជុំវិញករណីនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានរំលេចនូវតថភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ ពិធីសារបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា គឺអនុលោមយ៉ាងពេញលេញស្របតាមច្បាប់ជាតិនិងអន្តរជាតិ ពីព្រោះវិធានការទាំងនេះបម្រើដល់ប្រយោជន៍សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងដើម្បីការពារសុខភាពសាធារណៈ ក៏ដូចជាសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ ការអនុវត្តសិទ្ធិទាំងអស់សុទ្ធតែមានដែនកំណត់។ អាជ្ញាធរកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ និងមិនធ្វើនយោបាយូបនីកម្មលើការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ មិនដូចក្រុមមួយចំនួនដែលប្រើប្រាស់សិទ្ធិមនុស្សជាអាវុធវាយប្រហារនោះទ្បើយ។

ទី២៖ ការចោទប្រកាន់ថា «ក្រុមបាតុកររាប់រយនាក់ នៅតែមិនទាន់ដឹងលទ្ធផលធ្វើតេស្ដសំណាករបស់ខ្លួន ឬមិនដឹងច្បាស់ថា តើពេលណាពួកគេនឹងត្រូវបានអនុញ្ញាតឱ្យឈប់ធ្វើចត្តាទ្បីស័ក» គឺពិតជាបង្ហាញយ៉ាងច្បាស់ថា អ្នកកាន់អាណត្តិពិសេសអស់ទាំងនោះពឹងផ្អែកទាំងស្រុងទៅលើប្រភពព័ត៌មានតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ នោះទេ។ ទង្វើបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើ «ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស»។ អ្នកកាន់អាណត្តិពិសេសអាចបញ្ជូនភស្តុតាងរឹងមាំមកកាន់អាជ្ញាធរកម្ពុជា ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដោយស្របតាមនីតិវិធីជាធរមាន។ សេចក្តីណែនាំជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរកម្ពុជាត្រូវបានប្រកាសជម្រាបជូនសាធារណៈជនយ៉ាងទូលំទូលាយ និងច្បាស់លាស់រួចហើយ។

ទី៣៖ ការអះអាងថា កូដកម្មនោះស្របច្បាប់ គឺជាការយល់ខុសទាំងស្រុង។ កម្មករនិយោជិតនិងសហជីពមានសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌចាំបាច់នានា មុនកូដកម្មនោះអាចធ្វើឡើងដោយស្របច្បាប់បាន។ គណៈកម្មាធិការទទួលបន្ទុកសេរីភាពនៃការបង្កើតសមាគម របស់អង្គការអន្តរជាតិខាងការងារ បានបញ្ជាក់ថា ភាពស្របច្បាប់នៃការធ្វើកូដកម្មគឺត្រូវប្រកាសដោយស្ថាប័នឯករាជ្យ(ក្រៅពីដ្ឋាភិបាល)ជាមុនសិន។ ការពិតគឺថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសប្រាប់រួចមកហើយថា កូដកម្មទាំងនោះពុំស្របច្បាប់ទ្បើយ។ ទោះបីជាបែបនេះក្តី អាជ្ញាធរកម្ពុជាក៏បានរក្សាភាពអត់ធ្មត់ជាទីបំផុត និងបានអំពាវនាវជាច្រើនលើកច្រើនសារ ស្នើសុំកូដករទាំងនោះឱ្យងាកមករកការចរចាដោយសន្តិវិធី ត្រង់ទៅត្រង់មក និងបញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់របស់ខ្លួន ដែលអូសបន្លាយពេលជាច្រើនខែ និងគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសុខភាពសាធារណៈ។

ទី៤៖ ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងលទ្ធផលតេស្តរកមេរោគកូវីដ-១៩ បង្កការភ័ន្តច្រទ្បំ។ ការពិតនោះគឺ យ៉ាងហោចណាស់បាតុករចំនួន៥៨ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមាន ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ។ ប្រការនេះបង្ហាញថា ការធ្វើតេស្តរុករកនេះ គឺបានទាន់ពេលវេលា ស្របច្បាប់ និងចាំបាច់។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាពេលថ្មីៗនេះបានថ្លែងថា «វាកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ដែលឥឡូវនេះយើងទាំងអស់គ្នាត្រូវចូលរួមកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ពីការឆ្លងចូលក្នុងសហគមន៍ ដើម្បីយើងអាចការពារប្រព័ន្ធសុខាភិបាលរបស់យើងពីរលកបោកបក់ករណីឆ្លងដែលពិបាកទប់ទល់ និងដើម្បីបញ្ជៀសពីការបិទប្រទេសដ៏តឹងរ៉ឹងណាមួយ។ ឥទ្បូវនេះ មិនមែនជាពេលដែលយើងត្រូវដករបាំងការពារនេះ នៅកម្ពុជាឡើយ»

ទី៥៖ អាជ្ញាធរកម្ពុជាពុំធ្លាប់ដាក់កំហិតណាមួយលើការធ្វើកូដកម្មដែលស្របតាមច្បាប់ការងារនោះទ្បើយ។ ប្រសិនបើ ទីកន្លែងសាធារណៈត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលផ្តុំ ទង្វើនេះក្លាយជាបាតុកម្ម ដែលត្រូវអនុវត្តឱ្យបានស្របតាមច្បាប់ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី។ ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ កម្ពុជាបានបម្រុងទុកជាពិសេសទីលានសម្រាប់ពលរដ្ឋដែលមានបំណងចង់សម្ដែងមតិរបស់ខ្លួន។ ប្រការនេះគឺដើម្បីធានានូវនិរន្តរភាពនៃសេរីភាពក្នុងការជួបជុំដោយសន្តិវិធី។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់បន្ថែមថា បុគ្គលតាំងខ្លួនជាអ្នកជំនាញសិទ្ធិមនុស្សខាងលើ ដែលពុំមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែធ្វើការក្នុងសមាសភាពផ្ទាល់ខ្លួន តែងតែទាមទារថា អ្វីៗគួរត្រូវបានអនុវត្ត ផ្អែកលើទ្រឹស្តីសិទ្ធិមនុស្សរបស់ខ្លួន។ ក៏ប៉ុន្តែ តើពួកគាត់ហ៊ានអះអាងថា នឹងទទួលខុសត្រូវដែរឬទេ ប្រសិនបើការពិសោធន៍ទស្សនៈទាំងនោះរបស់ពួកគេបរាជ័យនោះ? វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេសខាងលើ ត្រូវបំពេញការងារ ដោយគោរពភាពដោយឡែកនៃប្រទេសនិមួយៗ និងដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុពិត និងគណនេយ្យភាព ព្រមទាំងមិនត្រូវធ្វើនយោបាយូបនីកម្មឡើយ៕