(បាត់ដំបង-ប៉ៃលិន)៖ លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីឲ្យមានលក្ខណៈសមស្រប ទៅនឹងរបត់ថ្មីដែលមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខ្លួន ដោយក្នុងនោះ មានបន្ថែមនូវការិយាល័យទទួលបន្ទុកការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្វីដែលក្រសួងចង់ឃើញ ចង់បាន គឺប្រសិទ្ធភាពការងារ និងការបម្រើសេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ ឲ្យកាន់តែទទួលបានការគាំទ្រ និងជំនឿពីសាធារណជន។

ការថ្លែងបែបនេះ របស់លោករដ្ឋលេខាធិការខាងលើ គឺក្នុងឱកាសដែលលោកអញ្ជើញជាតំណាង របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បើកសម្ពោធ អគាររដ្ឋបាលថ្មីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ខេត្តចំនួន៣ នៅភូមិភាគពាយព្យ និងឧត្តរ គឺមានខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤-១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ដោយក្នុងនោះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃបណ្តាខេត្តនីមួយៗ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរនានា ជុំវិញខេត្ត នៅតាមទីតាំង និងពេលវេលាដែលបានប្រារព្ធធ្វើនៅតាមខេត្តនីមួយៗ។

ថ្លែងបន្ថែមទៀត ក្នុងឱកាសនៃពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ខេត្តទាំង៣ខាងលើ លោក គឹម ទូច ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ខេត្តទាំង៣ និងបានថ្លែងនូវការអរគុណចំពោះរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងអង្គភាព ជំនាញពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលឲ្យគម្រោងសាងសង់អគាររដ្ឋបាលថ្មីទាំង៣នេះ បានសម្រេចតាមផែនការ។

លោករដ្ឋលេខាធិការបន្តថា លទ្ធផលនេះ ក៏ជាផ្នែកមួយរួមចំណែកលើកកម្ពស់មុខមាត់របស់ខេត្ត និងមានលក្ខណៈសមស្រប ទៅនឹងរបត់ថ្មីដែលមន្ទីរទាំង២៥រាជធានី-ខេត្ត ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខ្លួន ដោយក្នុងនោះ មានបន្ថែមនូវការិយាល័យទទួលបន្ទុកការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បន្ថែមពីនេះទៀត លោកបានលើកឡើងថា ក្រៅពីអគារធ្វើការថ្មីនេះហើយ, អ្វីដែលក្រសួងចង់ឃើញ ចង់បាន គឺប្រសិទ្ធភាពការងារ និងការបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរ ឲ្យកាន់តែទទួលបានការគាំទ្រ និងជំនឿចិត្តពីសាធារណជន។

ជាមួយគ្នានេះ លោកក៏បានបន្ថែមថា វាជាការចាំបាច់ដែលមន្ទីរត្រូវកែប្រែ និងពង្រឹងរបៀបរបបធ្វើការ ការងារធនធានមនុស្ស ឲ្យស្របទៅនឹងរបត់នៃកំណែទម្រង់ការងារ និងរចនាសម្ព័ន្ធថ្មីរបស់ក្រសួង និងរបស់មន្ទីរ ដែលត្រូវបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តរួចហើយ។ ជាពិសេស ច្បាមឲ្យជាប់នូវវិស័យចម្បងទាំង៦ ដែលចែងនៅក្នុងច្បាប់ស្តីពីការបង្កើតក្រសួង (MISTI) គឺ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា»។

នៅក្នុងនេះ ក៏គ្របដណ្តប់លើការងារស្តង់ដារ និងមាត្រាសាស្ត្រផងដែរ ដែលគ្រប់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាធុរជនគ្រប់មជ្ឈដ្ឋាន ពិសេសអនុវត្តតាមស្មារតីអង្គសន្និបាតរបស់ក្រសួង ដែលបានដំណើរការរយៈពេល៤ថ្ងៃកន្លងមក ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រៅពីការបំពេញភារកិច្ចស្នូលរបស់ខ្លួន មន្ទីរចាំបាច់ត្រូវមានកិច្ចសហការល្អ ជិតស្និទ្ធជាមួយគ្រប់ស្ថាប័ន មន្ទីរ អង្គភាព សមត្ថកិច្ចជំនាញនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយត្រូវគោរពប្រតិបត្តិតាមការដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តឲ្យបានខ្ជាប់ខ្ជួន៕