(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអះអាងថា មីយ៉ាន់ម៉ា បានចូលស្តាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន តាមរយៈ Link មួយ ទោះបីជាមិនបានចូលរួមផ្ទាល់ ឬតាមវីដេអូក៏ដោយ។

ការអះអាងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖ «មីយ៉ាន់ម៉ាគាត់គ្រាន់តែតាមដានក្នុងនាមជាអ្នកសង្កេតការណ៍ទេ គាត់មិនចូលរួមប្រជុំប៉ុន្តែគាត់សុំស្តាប់ អញ្ចឹងយើងផ្តល់ Link ជូនគាត់ ដើម្បីគាត់សុំស្តាប់ការជជែកដេញដោលគ្នានៅក្នុងកិច្ចប្រជុំនេះ មានន័យថា មីយ៉ាន់ម៉ាក៏បានដឹងលឺពីការជជែកពិភាក្សាគ្នាដែរ»

សូមជម្រាបថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

ក្នុងចំំណោម១០ប្រទេស មានរដ្ឋមន្រ្តីការបរទេសចំនួន ៦ប្រទេស ចូលរួមប្រជុំផ្ទាល់ជាមួយកម្ពុជា។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ បានបញ្ជាក់ថា ចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ សម្រាប់មីយ៉ាន់ម៉ាវិញ គឺមិនបានចាត់តំណាងចូលរួមឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អំឡុងពេលមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ដោយមិនអាចចូលរួមខ្លួនឯងបាន ដោយលោកចាត់តំណាងចូលរួមជំនួស។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕