(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់អង្គភាព Fresh News នៅរសៀលនេះថា ករណីលោក នី ចរិយា អគ្គលេខា ធិការរង គ.ជ.ប ត្រូវជាប់ចោទពីបទពុករលួយ ខាងគ.ជ.បគ្មានសមត្ថកិច្ចកកូរកកាយអ្វីឡើយ ក្រៅតែពីការអង្គុយរង់ចាំការសម្រេច ពីអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU តែ ប៉ុណ្ណោះ។

លោក ស៊ិក ប៊ុនហុកបន្តថា «កាលពីថ្ងៃម្សិលមិញ ខ្ញុំបានបញ្ចូនមន្រ្តីគ.ជ.បចំនួនបីរូបទៅសាកសួរព័ត៌មាននៅ ACU ករណីលោក នី ចរិយា ដែលជា អគ្គលេខាធិការរងគ.ជ.ប។ ខ្ញុំបញ្ចូនមន្រ្តី គ.ជ.ប ទៅកាលពីម្សិលមិញ ក្នុងនាមជាអាណាព្យាបាលដែលមានមន្រ្តីត្រូវជាប់ចោទពីបទពុករលួយ តែទៅពេលនោះ គឺមិនមែនជាការកកូរកកាយអ្វីទេ គឺគ្រាន់តែសាក​សួរជាធម្មតា។ ករណី លោក នី ចរិយា ខាងគ.ជ.ប កំពុងរង់ចាំសេចក្តីសម្រេចពី ACU ជាមុនសិន មុននឹងអនុវត្តតាមច្បាប់របស់ គ.ជ.ប»

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ក្រោយពី ACU សម្រេចករណីលោក នី​ចរិយា រួចរាល់ហើយនោះ ACU នឹងបញ្ចូលមកគជប។ ប៉ុន្តែបើលោក នី ចរិយា ពិតជាមាន​ការចោទ​ប្រកាន់ រហូតឈានដល់ការផ្តន្ទាទោសនោះ គ.ជ.ប នឹងចាត់ការតាម នីតិវិធីច្បាប់នៃ គ.ជ.ប ។

បើតាមច្បាប់ គ.ជ.ប បើសិនបើលោក នី ចរិយា​ ត្រូវបានតុលាការរកឃើញថា មានទោសនោះ លោកអាចនឹងបាត់បង់តំណែងចេញ ពីគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ACU បានសម្រេចឃុំខ្លួនមនុស្ស៥នាក់ ក្នុងចំណោមមនុស្ស៨នាក់ មានដូច លោក នី សុខា ប្រធានផ្នែកស៊ើប អង្កេតសមាគម អាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនីមន្រ្តីអង្កេតជាន់ខ្ពស់ អាដហុក និង លោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប។

ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលធ្វើឡើងដោយ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខានោះ, លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអះអាងថា នឹងព្យាយាមបង្រួញ កុំឱ្យរីករាលដាលថែមទៀត។ លោកថា មានអ្នកខ្លះបានឆ្លើយ ដាក់តំណាងរាស្រ្ត ប៉ុន្តែលោកថាតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ ដែល ACU មានដែនសមត្ថកិច្ចនៅឡើយ។

សូមបញ្ជាក់ថា កាលចុងសប្តាហ៍មុន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិត ចំហរមួយ ដោយបានសរសេរ រៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ មូលហេតុដែលនាងមិនឆ្លើយការពិត ប្រាប់ សមត្ថកិច្ច នៅនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ និងសារព័ត៌មាននានាកន្លងមកនោះ ត្រូវបានស្រីមុំលាតត្រដាងតាមលិខិតចំហរនេះថាដោយ សារតែមានការបង្គាប់ពី លោក កឹម សុខា មន្រ្តីសង្គមស៊ីវិល រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

អ្នកពាក់ព័ន្ធដែលស្រីមុំចោទថា បញ្ចុះបញ្ចូលឲ្យរូបនាងឱ្យនិយាយកុហកនោះ មានដូចជា លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្រ្តីអង្គការអាដហុក និងលោកស្រី ធី ឃីៈ ប្រធានអង្គការសីលការ, ប្រធានអង្គការណ្កដស៊ី, លោក ស៉ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវ ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ជាដើម៕