(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត នាថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធពិធីបុណ្យមាឃបូជា ដង្ហែរតាមដងផ្លូវ ក្នុងទីប្រជុំជនស្រុកកណ្តៀង ឆ្ពោះទៅកាន់វត្តកែវវិជ័យ ដែលស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងរាប់បាត្រដល់ព្រះសង្ឃ ចំនួន១០៨អង្គ ដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធអង្គជាម្ចាស់ ធ្វើចតុរង្គសន្និបាត និងដាក់ព្រះជន្មាយុសង្ខារ ចំពោះមុខមារ។

ពិធីបុណ្យនេះ បានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ជាវ តាយ អភិបាលខេត្ត និងលោកស្រី លាង ហៃ ជាវតាយ ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវស្សាវិមល មេគណខេត្ត និងជាព្រះចៅអធិការវត្តកែវវិជ័យ មានសង្ឃដីកាឱ្យដឹងថា ឆ្នាំនេះវត្តកែវវិជ័យ ក៏ដូចបណ្តាវត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីភាពស្ងប់ស្ងាត់ជំងឺកូវីដ១៩ បន្តិចនោះ រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត បានរៀបចំពិធីបុណ្យមាឃបូជានេះឡើង ក្នុងគោលបំណងរំលឹកដល់ថ្ងៃព្រះអង្គ ធ្វើចតុរង្គសន្និបាត ទ្រង់សម្តែងឱវាទបាតិមោក្ខ និងថ្ងៃព្រះអង្គដាក់ព្រះជន្មាយុសង្ខារ ចំពោះមុខមារ។

បុណ្យមាឃបូជា ត្រូវបានចាត់ទុកថា គឺជាបុណ្យសាសនាដ៏ធំមួយ តែងតែបានរៀបចំធ្វើនៅតាមទីវត្តអារាមជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ ដោយរក្សាបាន និងប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ទាំងនេះ ទើបមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ មានព្រះទ័យ និងមានទឹកចិត្តជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនានោះ បានជាឆ្នាំនេះនៅវត្តកែវវិជ័យ រួបរួមសហការសាមគ្គីគ្នា ប្រារព្ធអបអរសាទរបុណ្យមាឃបូជា ដោយអនុវត្តទៅតាមវិធាន «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ព្រះមេគណមានសង្ឃដីកាទៀតថា ដោយយល់ឃើញពីគុណតម្លៃ នៃបុណ្យមាឃបូជានេះហើយ បានជានៅគ្រប់វត្តអារាម ដែលជាទីស្ងប់ស្ងាត់ បានរួមគ្នាប្រារព្ធពីធីនេះយ៉ាងអធិកអធម ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងកាន់តែទូលំទូលាយ ទៅដល់ពុទ្ធបរិស័ទថា «តើយើងបានធ្វើអ្វីខ្លះ សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង» ដូចនេះពុទ្ធបរិស័ទជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែចូលរួមថែរក្សាសាសនា វប្បធម៌ ប្រពៃណីនេះឱ្យបានខ្ជាប់ខ្ជួនប្រយោជន៍ដល់កូន ចៅយើងជំនាន់ក្រោយៗទៀត បានឃើញ បានដឹង បានយល់ និងគោរពប្រតិបត្តិ។

ព្រះមេគណខេត្តមានសង្ឃដិកា កត់សម្គាល់ឃើញថា ឆ្នាំនេះការរៀបចំពិធីបុណ្យមាឃបូជា និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្តី និងពុទ្ធបរិស័ទក្តី មិនសូវកុះករនោះទេ ដោយវិបត្តិជំងឺកូវីដ១៩ ទើបមានការកាត់បន្ថយអ្នកចូលរួម តែទោះជាយ៉ាងនេះក៏ដោយ ឃើញថាពុទ្ធបរិស័ទជិតឆ្ងាយ បានមកចូលរួមញ៉ាំង ឱ្យកម្មវិធីដង្ហែរបុណ្យមាឃបូជា ក៏ដូចពិធីរាប់បាតព្រះសង្ឃ មានភាពអធិកអធម ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។

លោក ជាវ តាយ បានសម្តែងកោតសរសើរ ដល់ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពុទ្ធបរិស័ទទីជិតឆ្ងាយ ដែលបាននិមន្ត និងអញ្ជើញក្នុងកម្មវិធីបុណ្យមាឃបូជានៅវត្តកែវវិជ័យឆ្នាំនេះ មានភាពអធិកអធម ដោយថ្លែងថាបុណ្យមាឃបូជា គឺជាបុណ្យសាសនាដ៏ធំមួយ និងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តែដោយកន្លងមកនេះ ប្រទេសកម្ពុជាក៏ដូចនៅលើពិភពលោក ជួបវិបត្តិជំងឺកូវីដ១៩ ទើបខកខាន អស់រយៈពេលជាង២ឆ្នាំ។ ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ និងស្របពេលសង្គមជាតិយើង មានសន្តិភាព ស្ថេរភាព ក្រោមការដឹកប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា ដែលបានជំនះនូវរាល់ឧបសគ្គ និងអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត សង្ឃឹមថាគ្រប់មន្ត្រីសង្ឃ គ្រប់ទីវត្តអារាម និងពុទ្ធបរិស័ទទាំងអស់ បន្តពង្រឹងពង្រីកលើកស្ទួយ ថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី គោរពនូវពុទ្ធឱវាទ ដោយនាំគ្នារក្សាសីល ទាំងសីល៥ និងទាំងសីល៨ គឺស្វែងរកសភាវៈ ប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខមិនមានបញ្ហានៅក្នុងផ្លូវចិត្ត មានន័យថាស្មើនឹងពាក្យថា សន្តិ គឺសេចក្តីស្ងប់ បង្រៀនឱ្យពុទ្ធសាសនិក ខិតខំប្រឹងប្រែងបង្កើតសន្តិភាពសង្គម និងពិភពលោក និងសូមឱ្យមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានរួចផុតពីជំងឺកូវីដ១៩ ព្រមទាំងប្រគេនបច្ច័យចូលរួមបុណ្យ ចំនួន៦លានរៀលផងដែរ៕