(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា» ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមសម្រាប់តំណាងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមមេធាវី ក្នុងការផ្ដល់ជាទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗ ដល់ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈកាន់តែល្អប្រសើរឡើង។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាង OHCHR ព្រមទាំងមានការចូលរួមពីកម្រិតបញ្ញវន្តជាន់ខ្ពស់ ក្រុមប្រឹក្សាសកលវិទ្យាធិការដែលមានលោក ធន់ វឌ្ឍនា ជាប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលមានលោក ហេង វ៉ាន់ដា ជាប្រធាន និងគណៈមេធាវី ដែលមានមេធាវី កែវ ពេជ្ជនៈ ជាប្រធានស្តីទី ដែលប្រព្រឹត្តទៅនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងដើម្បីឱ្យការគោរពសិទ្ធិមនុស្ស នៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព ទើបអនុញ្ញាតឱ្យ គ.ស.ម.ក.ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

នាឱកាសនោះលោក កែវ រ៉េមី បានលើកឡើងថា ការបង្កើតសា្ថប័នសិទិ្ធមនុស្សជាតិ (NHRI) នៅក្នុងប្រទេសកម្ពុជា ត្រូវបានពិភាក្សាអស់រយៈពេល ជាច្រើនទសវត្សរ៍មកហើយ ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏ទទួលបានជាបន្តបន្ទាប់នូវអនុសាសន៍ពីស្ថាប័ន តាមសន្ធិសញ្ញ និងពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ តាមរយៈយន្តការពិនិត្យឡើងវិញតាមកាលកំណត់ ជាសកល។

នៅខែកញ្ញា ឆ្នាំ២០០៦ កម្ពុជាបានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅក្នុងប្រទេសកម្ពុជា ដោយបានប្រគល់តួនាទីឱ្យក្រុមការងារអង្គការមិនមែន រដ្ឋាភិបាលទទួលបន្ទុករៀបចំ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិនេះ។

ចាប់ពីខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គសមក) នៃរាជរដ្ឋាភិបាលបានទទួលភារកិច្ចធ្វើការដឹកនាំក្នុងការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទិ្ធមនុស្ស ជាតិកម្ពុជា ដោយមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ គ.ស.ម.ក. បានចាប់ផ្តើមផ្សព្វផ្សាយ និងដំណើរការកិច្ចពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់នេះជាសាធារណៈ និងជាមួយភាគីពាក់ព័ន្ធ ជាអាទិ៍ អង្គការមិនមែនរដ្ឋាភិបាល សង្គម ស៊ីវិល សហជីព គណបក្សនយោបាយ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលទស្សនៈ មតិ យោបល់ និងធាតុចូលផ្សេងៗលើសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ ទីក្រុងប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិសម្រាប់ជាមូលដ្ឋាននៃការបង្កើត NHR។

នៅពេលស្ថាប័នសិទ្ធិមនុស្សជាតិ ត្រូវបានបង្កើតឡើងស្ថាប័ននេះ នឹងត្រូវឆ្លងកាត់ដំណើរការវាយ តម្លៃទទួលស្គាល់ដោយសម្ព័ន្ធសកលនៃស្ថាប័នសិទ្ធិមនុស្សជាតិ (GANHRI) ដែលជាអង្គការសកលមួយនៃក្រុម NHRI ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ NHRI នឹងត្រូវកំណត់ចំណាត់ថ្នាក់ជាប្រភេទ «ក» ឬ «ខ»។ ឋានៈជាប្រភេទ «ក» គឺជា NHRI ដែលស្របទាំងស្រុងនឹងគោលការណ៍ទីក្រុងប៉ារីស។ ឋានៈជាប្រភេទ «ខ» គឺជា NHRI ដែលអនុលោមមិនទាន់បានគ្រប់ជ្រុងជ្រោយទៅនឹងគោលការណ៍ទីក្រុងប៉ារីស។ NHRI ដែលមិនបំពេញតាមលក្ខខណ្ឌនៃគោលការណ៍ទីក្រុងប៉ារីស នឹងមិនត្រូវបានទទួលស្គាល់ឡើយ។

ដើម្បីធានាថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិស្របទៅនឹងគោលការណ៍ ទីក្រុងប៉ារីស និងសេចក្តីសង្កេតទូទៅ ដែលអនុម័តដោយ GANHRI គ.ស.ម.ក. ត្រូវរៀបចំកិច្ចពិគ្រោះ យោបល់ជាមួយភាគីពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ។ ក្នុងស្មារតីនេះ កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសិទ្ធិមនុស្សជាតិកម្ពុជា ត្រូវបានដាក់ពិគ្រោះយោបល់ ជាបន្តបន្ទាប់ និងបន្តនីតិវិធីសម្រាប់ការអនុម័តពីរដ្ឋសភានៅពេលខាងមុខ។