(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីនេះ ធ្វើឡើងតបតាមការអញ្ជើញរួមគ្នារបស់ លោក Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និង លោក Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង។

ក្នុងឋានៈជាតំណាងជាន់ខ្ពស់របស់កម្ពុជា ដែលជាប្រទេសប្រធានអាស៊ាន ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងថ្លែងសុន្ទរកថា បើក និងចូលរួមវេទិកាតុមូល ស្តីពីសន្តិសុខ និងកិច្ចការពារជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរវាងបារាំង និងរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោក ប្រាក់ សុខុន នឹងជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ដូចជា លោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា លោក Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និង លោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទីនោះផងដែរ។

នៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចនេះ ដែលជាលើកទីមួយរបស់រដ្ឋមន្ត្រី ការបរទេសកម្ពុជា ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ មានគោលបំណងដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំង ផងដែរ។

បន្ទាប់មក លោក ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះលោក ប្រាក់ សុខុន នឹងជួបពិភាក្សាផ្លូវការជាមួយលោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ដែលក្នុងពេលនោះ ភាគីទាំងពីរនឹងចុះហត្ថលេខា លើកិច្ច ព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងអង់ការ៉ា និងធ្វើជាសហប្រធានរៀបចំពិធីជប់លៀង ជាមួយឯកអគ្គរដ្ឋ/រាជទូត អាស៊ាននៅទីក្រុងអង់ការ៉ា៕