(បាត់ដំបង)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកសិក្ខាសាលាកសម្រួលចុងក្រោយទៅលើសារាចរណ៍ណែនាំស្ដីពីការងារសមាហរណកម្ម និងតាមដានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលបានស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្ត្រី វង សូត្រ ព្រមទាំងរដ្ឋាភិបាលខេត្តបាត់ដំបង និងអង្គការជាគូរមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោក ញឹក វណ្ណារ៉ា បានថ្លែងថា អំពើជួញដូរមនុស្សបាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាព ភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេសដែលមានអង្គការចាត់តាំងហើយឧក្រិដ្ឋកម្មនេះ បានជះឥទ្ធិពលដល់បុគ្គលគ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

លោករដ្ឋលេខាធិការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោល នយោបាយយុទ្ធសាស្ត្រ ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

ដោយឡែកក្រសួងសង្គមកិច្ច ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

បន្ថែមពីនេះ លោក ញឹក វណ្ណារ៉ា បានបញ្ជាក់ថា ឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ពិភពលោកប្រឈមខ្លាំងទៅនឹងការ ដោះស្រាយបញ្ហាជាច្រើនដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាមសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោក ទាំងការរាតត្បាតជម្ងឺដ៏កាចសាហាវ ដែលមិនមានប្រភពច្បាស់លាស់ មិនទាន់មានថ្នាំព្យាបាលគ្រោះឯងផង។

ទន្ទឹមនឹងផលប៉ះពាល់នេះភាពក្រីក្រ បានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អ សម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្ស ដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងឱកាសសម្រាប់ជន ជួញដូរមនុស្ស ធ្វើអាជីវកម្មដើម្បីកេងយកចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ ខណៈពេលប្រទេសជាតិ ជួបការលំបាក។ យើងពិតជាបានខំប្រឹងជម្នះឧបសគ្គទាំងឡាយ ដោយបានធ្វើសកម្មភាពព្រមៗគ្នា ដើម្បីដោះ ស្រាយភាពប្រឈម តាមការណែនាំរបស់រាជរដ្ឋាភិបាលដែលសកម្មភាពខ្លះ ត្រូវបានទុកឱ្យចន្លោះប្រហោង ឆកល្វែក ឬមើលរំលងដោយផ្អែកទៅលើការតម្រង់ទិសទៅលើអាទិភាពនៃបញ្ហាថ្មី និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្ដែតបណ្តោយឲ្យក្លាយជាច្របូកច្របល់ដោយផ្តេកផ្តួល ទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថេរភាព នៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព។

ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណចំពោះអង្គការ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលតែងតែសហការយ៉ាងជិតស្និទជាមួយក្រសួង លើវិស័យសង្គមកិច្ចកន្លងមក ពិសេសអង្គការ រតនៈអ៉ិនធើណេស៊ិនណលអន្តរជាតិ ដែលបានជួយកញ្ចប់ថវិកា ក៏ដូចជាបច្ចេកទេសមួយចំនួនក្នុងការធ្វើបច្ចុប្បន្នភាព លើទម្រង់សមាហរណកម្មមួយនេះ ពីព្រោះថាទម្រង់មួយនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ហើយរហូតមកដល់ពេលនេះ វាមានរយៈពេលចំណាស់បន្តិច ដែលជាហេតុធ្វើឱ្យទម្រង់មួយនេះមានការប្រើប្រាស់មានភាពផ្សេងៗគ្នារវាងអ្នកផ្តល់សេវា ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ពិសេសទម្រង់គ្រប់គ្រងករណីជនរងគ្រោះដោយអំពើជួញដូរ ដើម្បីជៀស វាងការប្រើប្រាស់មានភាពផ្សេងគ្នា និងដើម្បីឱ្យស្របតាមការរីកចម្រើននៃសម័យកាលសកលភាវូបនីយកម្ម ពិសេសស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន របស់រាជរដ្ឋាភិបាលនីតិកាលទី៦៕