(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកការចេញមកទទួលកំហុស និងសុំទោសសាធារណៈរបស់ឧកញ៉ា គីម ហ៊ាង អ្នករកស៊ីវិស័យដីធ្លីនៅកម្ពុជា ថាជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីឧកញ៉ា គីម ហ៊ាង បានចេញលិខិតសុំទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុសដ៏ធំ ដែលបានបង្កើតឡើងដោយអចេតនា ប៉ះពាល់វប្បធម៌ជាតិ។

លោក ហ៊ុន ម៉ានី បានសរសេរសារលើ Facebook អមដោយលិខិតសុំទោសរបស់ឧកញ៉ា គីម ហ៊ាង យ៉ាងដូច្នេះថា «ខ្ញុំបានឃើញការសុំទោស និងស្រាយបំភ្លឺជាសាធារណៈ របស់លោកបណ្ឌិត គីម ហ៊ាង ទាក់ទងនឹងប្រសាសន៍របស់គាត់ ស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយចប់វិបត្តិកូវីដ១៩ កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្ញុំយល់ថា នេះជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។ កន្លងមក ខ្ញុំ និងលោកបណ្ឌិត មិនមានរឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរក្នុងទំព័រហ្វេសបុករបស់ខ្ញុំ គ្រាន់តែជាការតម្រង់ទិស ដែលខ្ញុំតែងតែធ្វើជារឿយៗ ចំពោះមតិមួយចំនួន ដែលមានផលជះអវិជ្ជមានដល់កិត្តិយស និងប្រយោជន៍ជាតិ។ ខ្ញុំសូមសរសើរចំពោះការសម្រេចចិត្តជាលក្ខណៈបុគ្គល ក្នុងការសរសេរលិខិតសុំទោសជាសាធារណៈនេះ»