(តាកែវ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោក សេន សុខគា ជាប្រធានមន្ទីរថ្មី នៃមន្ទីរសង្គមកិច្ចខេត្តតាកែវ ជំនួសប្រធានចាស់ដែលត្រូវផ្លាស់ប្ដូរភារកិច្ច។

លោក វង សូត ក្នុងពិធីនោះ បានណែនាំដល់លោក សេន សុខគា ដែលទើបចូលកាន់តំណែង ត្រូវតែពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់រវាងមន្ដ្រី និងមន្ដ្រី ឬមន្ដ្រី ជាមួយថ្នាក់ដឹកនាំមន្ទីរ។ បន្ថែមពីនេះ មិនត្រូវបែងចែកបក្សពួក ធ្វើឲ្យការងារដែលអនុវត្តន៍បម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋ មានផលលំបាកក្នុងការផ្តល់សេវាជូនដល់ពលរដ្ឋដែលងាយរងគ្រោះ។

លោកថា មន្ទីរមួយដឹកនាំ និងប្រកបកិច្ចការងារទៅដោយរលូនបាន លុះត្រាតែប្រធានមន្ទីរដែលជាក្បាលម៉ាស៊ីនដឹកនាំ អនុប្រធាន និងមន្ត្រីត្រូវធ្វើការងាររួមគ្នា សាម្គីភាពផ្ទៃក្នុងឲ្យបានល្អ ទើបយើងអាចបម្រើ និងផ្តល់សេវា សាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រាឲ្យបានកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានក្រើនរំលឹកលោក សេន សុខគា ជាប្រធានមន្ទីរសង្គមកិច្ចថ្មី ជំនួសលោក ប៊ុន បូរិន្ទ ត្រូវរក្សាឲ្យបាននូវកិច្ចសហការរវាងមន្ត្រី និងមន្ត្រីសាមគ្គីគ្នាជារួម ធ្វើកិច្ចការងារនេះបម្រើសេវា ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលងាយរងគ្រោះឲបានល្អប្រសើឡើងវិញ ក្រោយមានការបែកបាក់ផ្ទៃក្នុងមួយរយៈកន្លង ដែលធ្វើឲ្យមានផលលំបាកក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះកន្លងមក។

ជាមួយគ្នានេះ លោកអភិបាលខេត្តតាកែវ បានជំរុញឲ្យឃុំសង្កាត់ទាំងអស់ ត្រូវសហការជាមួយមន្ទីរសង្គមកិច្ចកាន់តែជិតស្និតជាងមុន លើកិច្ចការជំនួយសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅក្នុងមូលដ្ឋាន ជាពិសេសកុមារកំព្រា និងចាស់ជរាផងដែរ៕