(ព្រះសីហនុ)៖ «ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ជាក្ដីសង្ឃឹមថ្មីរបស់ខេត្តព្រះសីហនុ និងជាទំនួលខុសត្រូវដ៏ខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិផងដែរ»។ នេះជាការលើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រគល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស «A» នៅវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា លោកគ្រូអ្នកគ្រូក៏ជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមដុសខាត់កែច្នៃទំពាំងដែលជាអ្នកស្នងប្រទេសជាតិ និងខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកក៏បាននាំនូវការសួរសុខទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគត ដែលជានិច្ចកាលលោកតែងគិតគូរ និងខិតខំស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពសាំុក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលធ្វើឱ្យការប្រឡងរបស់ពួកគេប្រព្រឹត្តទៅដោយជោគជ័យ។

តាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខេត្តព្រះសីហនុមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១,៣៥២នាក់ (ស្រី ៧១០នាក់) ក្នុងនោះមានអ្នកប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖ និទ្ទេស A មានចំនួន២០នាក់ (ស្រី០៩នាក់)។ សិស្សនិទ្ទេស B មានចំនួន៦៧នាក់(ស្រី៤៣នាក់) និទ្ទេស C មានចំនួន១៧០នាក់ (ស្រី៩៩នាក់) និទ្ទេស D មានចំនួន៣៧២នាក់ (ស្រី២០៩នាក់) និងនិទ្ទេស E មានចំនួន៣៩៤នាក់ (ស្រី២០២នាក់)។

សម្រាប់សិស្សានុសិស្សជ័យលាភីនាពេលនេះ ទទួលបានការលើកទឹកចិត្តរួមមាន៖ និទ្ទេស A ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា៥០០ដុល្លារ, និទ្ទេស B ចំនួន៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០ដុល្លារ និងនិទ្ទេស C ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស «A,B,C» នៅខេត្តព្រះសីហនុនាពេលនេះ ក៏មានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ៕