(ឧត្តរមានជ័យ)៖ លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានដាក់ចេញនូវទិសដៅចំនួន៦ចំណុច សម្រាប់អនុវត្តន៍នៅឆ្នាំ២០២២នេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែរលូន និងទទួលបានលទ្ធផលល្អថែមទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ លោក អ៊ុំ ចាន់ថុល បានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់មុខមាត់អង្គភាព ក៏ដូចជាចូលរួមដោះស្រាយការកកស្ទះសំណុំរឿង ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ លោកសូមដាក់ចេញនូវទិសដៅការងារដូចខាងក្រោម៖

*ទី១៖ បន្តពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស
*ទី២៖ បន្តពង្រឹង សមត្ថភាព វិន័យ សីលធម៌ មន្ត្រីលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ
*ទី៣៖ បន្តពង្រឹងទំនាក់ទំនង កិច្ចសហការ និងសមគ្គីភាពផ្ទៃក្នុងអង្គភាព និងជាមួយអ្នកពាក់ព័ន្ធឱ្យកាន់តែរឹងមាំថែមទៀត
*ទី៤៖ អយ្យការចុះអធិការកិច្ចលើមន្ត្រីនគរបាលយុត្តិធម៌
*ទី៥៖ ជំរុញដីកាបញ្ជូនឱ្យបានប្រសើរ
*និងទី៦៖ រៀបចំឃ្លាំងដាក់វត្ថុតាងឱ្យបានប្រសើរផងដែរ។

ជាមួយគ្នានេះលោក អ៊ុំ ចាន់ថុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមក៏ដូចជាការខិតខំប្រឹងប្រែង របស់លោក លោកស្រី ដែលបានចំណាយពេលវេលា កម្លាំងប្រាជ្ញា ស្មារតី ក្នុងការខិតខំបំពេញតួនាទីរៀងៗខ្លួន នាឆ្នាំកន្លងមកឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា ដើម្បីចូលរួមលើកម្ពស់មុខមាត់អង្គភាព៕