(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងឱ្យលោក គឹម ហ៊ាង ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញការជួញដូរដីធ្លីក្នុងតំបន់សៀមរាប-អង្គរ ដែលនឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ។ នេះបើតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប-អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សំដីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញនៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរអចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អាណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

ក្រសួងបានសង្កត់ធ្ងន់ៗថា៖ «ពាក្យសំដីនេះបានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្ដុំដោយអ្នកជំនាញការជាតិ អន្តរជាតិដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិយើង»

បន្ថែមពីនេះ តាមរយៈលិខិតដដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ អ្នកជំនាញការ ទាំងជាតិ អន្តរជាតិ គ្រប់ជំនាន់ ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងការខិតខំការពារបេតិកភណ្ឌវប្បធម៌ជាតិ និងការសង្គ្រោះរមណីយដ្ឋានអង្គរ តាមរយៈការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ដែលមានប្រាសាទ និង បុរាណដ្ឋានជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ហើយដែលកិច្ចខិតខំប្រឹងប្រែងនេះ រាប់ចាប់ពីការអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការយូណេស្កូ ជួយសង្គ្រោះអង្គរ នៅឆ្នាំ១៩៨៩ ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតដល់ការខិតខំបង្កើតលិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នជាតិមួយចំនួនដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានលិខិតបទដ្ឋានជាតិ និងអន្តរជាតិសំខាន់ៗ មួយចំនួនដូចជា៖ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ឆ្នាំ១៩៩៦ ព្រះរាជក្រឹត្យ ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ក្នុងទំហំ៤០១គីឡូម៉ែត្រក្រឡា ដោយការបែងចែកតំបន់ជាប្រាំច្បាប់ស្តីពីសំណង់រហូតដល់ឯកសារប្លង់គោលស្តីពីការប្រើប្រាស់ដីធ្លីខេត្តសៀមរាប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ស្របតាមលក្ខខណ្ឌដែលអង្គការយូណេស្កូកំណត់ និងតម្រូវឱ្យរដ្ឋសមាជិករៀបចំអនុលោមតាមកិច្ចការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ទាំងអស់នេះសុទ្ធតែបានបង្កើតឡើងដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ទៅលើទិដ្ឋភាពសង្គមសេដ្ឋកិច្ច នយោបាយ និងការទូត ដោយផ្តោតទៅលើកិច្ចការពារបេតិកភណ្ឌវប្បធម៌ មរតកដូនតា ជាពិសេសទៅលើរចនាបទ កម្ពស់ ការរីករាលដាលសំណង់អាណាធិបតេយ្យក្នុងតំបន់ការពារ និងតំបន់ជុំវិញ ក្នុងគោលដៅការពារ ថែរក្សា អភិរក្ស អភិវឌ្ឍនិងលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងខេត្តសៀមរាប ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់ការអភិវឌ្ឍមួយដែលរក្សាតុល្យភាពបរិស្ថាន សំណង់ធារាសាស្ត្រព្រៃឈើ រួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងតំបន់សៀមរាប-អង្គរ។

ក្នុងលិខិតដដែល ក្រសួងបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងចាត់ទុកកិច្ចការពារបេតិកភណ្ឌជាតិជាអាទិភាពចម្បងនោះ នៅក្នុងពិធីខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី-អង្គរ ខាងលើ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ខេត្តសៀមរាប បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៅចំពោះមុខរបស់អគ្គនាយិកាអង្គការយូណេស្កូ ព្រមទាំងសហប្រធានទាំងពីរ នៃអាយស៊ីស៊ី-អង្គរ និងតំណាងបណ្តាប្រទេសដែលជា សមាជិករបស់អាយស៊ីស៊ី-អង្គរ ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ថា «ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! សូមកុំឱ្យមានការញុះញង់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឱ្យទៅរំលោភកាន់កាប់ដីធ្លី ក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌផ្សេងៗទៀត។

ដើម្បីការពារតម្លៃបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីការប្រើប្រាស់វិធានការតឹងរ៉ឹងនានា ទោះជាត្រូវតបស្នងជាមួយនឹងតម្លៃណាមួយក៏ដោយរាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់វិធានការបង្ការ និងទប់ស្កាត់ដើម្បីបញ្ចៀសឱ្យបាននូវបណ្តាសកម្មភាពខុសច្បាប់ទាំងឡាយណាធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃរមណីយដ្ឋានអង្គរ ហើយដែលបណ្តាលឱ្យអង្គរប្រឈមនឹងការបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណមតិ មេត្តាជ្រាបថា ការអភិរក្ស និងអភិវឌ្ឍក្នុងតំបន់បេតិកភណ្ឌពិភពលោក គឺជាយន្តការនៃការរក្សាលំនឹងមួយយ៉ាងប្រុងប្រយ័ត្ន និងត្រូវគោរពជាដាច់ខាតនូវគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ រួមទាំងក្រឹត្យក្រម និងការអនុវត្តនានាដែលមានជាធរមានដើម្បីធានាដល់ការអភិវឌ្ឍមួយប្រកបដោយចីរភាព និងរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងក៏ជាកិត្យានុភាពរបស់ជាតិ និងប្រជាជនកម្ពុជាលើឆាកអន្តរជាតិផងដែរ៕

លោក គឹម ហ៊ាង