(កំពង់ឆ្នាំង)៖ កំពង់ផែសាឡាងដរទទឹងកំពង់ឆ្នាំង-កំពង់លែង ដែលពីមុនដាក់នៅកំពុងផែថ្ម ស្ថិតនៅក្នុងភូមិទី៦ សង្កាត់ខ្សាមនោះ កាលពីថ្ងៃអាទិត្យ បានផ្លាស់មកដាក់នៅចំណុចកំពុងផែចាស់ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងវិញហើយ ដើម្បីសម្រួលការងារចម្លងរថយន្តថ្នាក់ដឹកនាំឆ្លងទៅធ្វើការងារនៅក្នុងស្រុកកំពង់លែង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋសាទរ រីករាយសប្បាយចិត្ត ដោយសារបានកាត់ការចំណាយជិះម៉ូតូឌុបចម្ងាយផ្លូវជាង២គីឡូម៉ែត្រ អស់ប្រាក់៥ពាន់រៀល ពីទីប្រជុំជនផ្សារក្រោមទៅឆ្លងសាឡាងដរនៅកំពង់ផែថ្ម ក្នុងភូមិទី៦ សង្កាត់ខ្សាម។

លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយតាមទូរស័ព្ទឲ្យដឹងថា តាមគោលការណ៍របស់លោកអភិបាលខេត្ត បានសម្រេចឱ្យសាឡាងដរ មកដាក់ទីតាំងចម្លងដរទទឹងនៅចំណុចកំពង់ផែចាស់ក្នុងភូមិចុងកោះ វិញមួយរយះ ដើម្បីជួយសម្រួលដល់ការចម្លងរថយន្តក្រុមការងារថ្នាក់ជាតិទៅធ្វើការងារនៅក្នុងស្រុកកំពង់លែង ព្រោះថាចំណុចកំពង់ផែចាស់នេះមានច្រាំង ទន្លេទាបងាយ ស្រួលដល់សាឡាងដរ ដែលរថយន្តថ្នាក់ដឹកនាំឡើងចុះ។

ទាក់ទងនឹងការផ្លាស់ប្ដូរទីតាំងកំពង់ផែសាឡាងដរខាងលើនេះដែរ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងជាអ្នកធ្វើដំណើរចុះឡើងរៀង រាល់ថ្ងៃនោះ បានសម្ដែងការរីករាយសប្បាយចិត្ត គ្រប់ៗគ្នា ព្រោះថា កំពង់ផែថ្មមានច្រាំងទន្លេខ្ពស់ណាស់នៅក្នុងរដូវប្រាំង ការដឹកជញ្ជូនទំនិញចុះនិងឡើងសាឡាងដរពិតជាលំបាក ហើយបើរថយន្តដឹកទំនិញគឺត្រូវបង់ភាស៊ីជូនក្រុមហ៊ុន ភាស៊ីចំណតរថយន្ដក្នុងខេត្តមួយតង់ថែមទៀត។

ចំណែកនៅកំពង់ផែចាស់ភូមិចុងកោះវិញ មានភាពងាយ ស្រួលទី១ ងាយស្រួលចុះ និងឡើងសាឡាងដរដោយសារច្រាំងទន្លេទាប, ទី២៖ មិនបាច់ចំណាយការបង់ភាស៊ីរថយន្ត និងទំនិញជូនក្រុមហ៊ុនភាស៊ីចំណតរថយន្តខេត្ត ទី៣៖ ចំណេញប្រាក់៥ពាន់រៀលបើជិះម៉ូតូឌុបពីដើមពោធិ៍ផ្សារ ក្រោមទៅកំពង់ផែថ្មនៅភូមិទី៦ សង្កាត់ខ្សាម មានចម្ងាយជាង២គីឡូម៉ែត្រ និងដែលអាចយកលុយសល់៥ពាន់រៀលនឹងទៅចំណាយថ្លៃសាឡាងដរ ដែលម៉ូតូ១ និងមនុស្សម្នាក់អស់តែ២៥០០រៀល គឺនៅសល់លុយខ្លះ។

ប្រជាពលរដ្ឋអ្នកឆ្លងសាឡាងដរកំពង់ឆ្នាំង កំពង់លែងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្តកំពង់ឆ្នាំង ដែលបានជួយសម្រួលឲ្យប្រជាពលរដ្ឋឡើងចុះសាឡាងដរនៅទីតាំងចាស់ក្នុងភូមិចុងកោះវិញ ដែលពិតជាធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងរីករាយឥតឧបមា៕