(ព្រះវិហារ)៖ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរស្រុកគូលែន អាជ្ញាធរឃុំស្រយ៉ង់ ចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥៨៤គ្រួសារ រស់នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក សំ សារឿន ក៏បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លើបញ្ហាគោលនយោបាយដីធ្លីនេះ ក្នុងទិសដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង មានបណ្ណកម្មសិទ្ធិដោយ ស្របច្បាប់លើការកាន់កាប់ប្រើប្រាស់ដីធ្លីនេះ។

លោកប្រធានមន្ទីររៀបជំដែនដីខេត្តព្រះវិហារ បានថ្លែងកោតសរសើរ ដល់មន្ត្រីជំនាញសុរិយោដីគ្រប់ថ្នាក់ ក៏ដូចជា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយើង ដែលបានចូលរួមសហការបានយ៉ាងល្អប្រសើរ ធ្វើឲ្យដំណើរការវាស់វែង ដំណើរការកំណត់ព្រំ ប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមិនមានបញ្ហា រហូតយើងបានសម្រេចចែកជូនវិញ្ញានបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដោយស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ។

លោក សំ សារឿន បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយស្របច្បាប់នៅពេលនេះ ត្រូវយកទៅទុកដាក់ថែរក្សាឲ្យបានល្អ ចៀសវាងការបាត់បងឫរហែក ប្រឡាក់ ដោយប្រការផ្សេងៗ។

លោកថា «បណ្ណកម្មសិទ្ធិដីធ្លីនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានបង្ហាញថាយើងជាម្ចាស់កម្មសិទ្ធស្របច្បាប់ នឹងអាចការពារបានពីជម្លោះផ្សេងៗពាក់ព័ន្ធនិងវិវាទដីធ្លី ក្រៅពីនេះយើងអាចយកទៅដាក់បញ្ចាំនៅតាមធានាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកប្រាក់ទៅប្រកបរបរផ្សេងបានទៀតផង»៕