(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពក្រីក្រចំនួន ២២០គ្រួសារ មកពីភូមិចំនួន១៩នៃ ឃុំចំនួន៣ ក្នុងសង្កែ ខេត្តបាត់ដំបង ពិធីនេះរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ។

ថ្លែងក្នុងនាឱកាសនោះលោក សុខ លូ ប្រធាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋមកទទួលអំណោយ ទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើស អើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក សុខ លូ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។

លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា និងសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំ កូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។

ជាមួយគ្នានោះ ក៏បានជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លងនិងហានិភ័យ នៃការស្លាប់ដោយមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូរមីក្រុង កំពុងផ្ទុះឆ្លង និងអាចបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេ។

សូមជម្រាប់ថា អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស, មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែល ១ដបផងដែរ៕