(បាត់ដំបង)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មី នៃទីស្នាក់ការសាខា ក.ប.ប. ដើម្បីបង្កភាពងាយស្រួល ដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងការដាក់ឲ្យដំណើរការអគារដ្ឋបាលថ្មីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់ ឲ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។

ពិធីដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ និងមានការអញ្ជើញចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង, លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយក នៃនាយកដ្ឋាន ក.ប.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានអគាររដ្ឋបាលថ្មី នៃទីស្នាក់ការ ក.ប.ប. ខេត្តបាត់ដំបង និងបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង-មន្ទីរពាណិជ្ជកម្ម សាខា ក.ប.ប. ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមសហការយ៉ាងល្អ រហូតបានសម្រេចនូវសមិទ្ធផលជាទីគាប់ប្រសើរនេះ។

រដ្ឋមន្ត្រីបន្តថា អគាររដ្ឋបាលថ្មីរបស់សាខា ក.ប.ប. នេះ គឺជា សមាស ភាគ រួមផ្សំមួយនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្ត ដែលបង្ហាញពីការរីកចម្រើន ជាបន្តបន្ទាប់របស់ខេត្ត ស្របពេល ដែលវិស័យដ៏ទៃទៀតកំពុងបោះជំហាន ទៅរកការអភិវឌ្ឍជាលំដាប់។ ជាពិសេស វានឹងក្លាយជាតួអង្គសំខាន់ ក្នុងការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ និងកាន់តែងាយស្រួលផងដែរ។

ក្រៅពីការអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំ ណេះសំណាល ជាមួយមន្ត្រីសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និង សាខា ក.ប.ប ដូចមានខាងក្រោម៖

ទី១៖ មន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តខិតខំយក ចិត្តទុកដាក់ ក្នុង ការពង្រីក ចំណេះ ដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស ជាពិសេសរួម សហការគ្នា ចុះ ត្រួត ពិនិត្យ ទំនិញ ដែលខូចគុណភាព ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា ការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ទី២៖ ត្រូវប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ

ទី៣៖ មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការ ឲ្យកាន់តែ ជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ នូវកម្មវិធីកែ ទម្រង់ ស៊ីជម្រៅ របស់ រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញ គោលនយោបាយ ពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់ សេវា សាធារណៈជូនប្រជាពលរដ្ឋ។

ទី៤៖ បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពី កម្រងសេវា សាធារណៈ រវាង ក្រសួង ពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៥៖ ត្រូវបន្តជំរុញ ពង្រឹងបន្ថែម យន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាម បណ្តាខេត្តទាំង១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់ កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួង ពាណិជ្ជកម្ម។

ទី៦៖ ពេលចុះអនុវត្តន៍ ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សាគម្លាតសង្គម លោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យ បាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕