(អាមេរិក)៖ ជនជាតិអាមេរិកកាំងម្នាក់ តាមរយៈបទសម្ភាសន៍បានលើកឡើងថា កម្ពុជាជាកន្លែងដ៏មានសក្ដានុពលទាំងវិស័យទេសចរណ៍ និងការវិនិយោគ ហើយវិនិយោគិនអាមេរិក គួរទៅសិក្សាឲ្យបានច្រើនបន្ថែមពីកម្ពុជា។ ប៉ុន្ដែទន្ទឹមគ្នានោះរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវធានាដល់ការវិនិយោគនេះដែរថា ត្រូវតែមានសុវត្ថិភាពសម្រាប់ដល់វិនិយោគិនទាំងអស់នោះ។

ជនជាតិអាមេរិករូបនេះ បានអះអាងទៀតថា កម្ពុជាមានវប្បធម៌ជាយូរលង់ណាស់មក ហើយចំណែកឯសហរដ្ឋអាមេរិកតាមប្រវត្តិសាស្ត្រពេលមានរដ្ឋាភិបាល គឺមានអាយុកាលត្រឹមតែជាង២៥០ឆ្នាំប៉ុណ្ណោះ ដូច្នេះប្រសិនបើប្រជាជនពីអាមេរិកអាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា បានកោតសរសើរពីបរិយាកាសប្រវត្តិសាស្ត្រ និងការសិក្សានៅកម្ពុជា។

ជាអ្នកដែលធ្លាប់ទៅកម្សាន្ដនៅកម្ពុជា លោកថាដើម្បីឲ្យកម្ពុជាទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាល និងប្រជាជនអាមេរិក កម្ពុជាគួរតែផ្សព្វផ្សាយខ្លួនឯង ឲ្យក្លាយជាទិសដៅទេសចរណ៍ ព្រោះប្រទេសកម្ពុជាប្រវត្តិពីបុរាណកាលដ៏រុងរឿងជាងពីរពាន់ឆ្នាំមកហើយ។

លោកបានបញ្ជាក់បែបនេះថា «បើនិយាយពីប្រវត្តិសាស្ត្រនៃការស្វែងយល់វិញកាលពីពេលដែលខ្ញុំទៅកម្ពុជា ខ្ញុំបានស្វែងយល់ពីវប្បធម៌ និងប្រវត្តិពីបុរាណកាលប្រជាជនមានភាពរួសរាយរាក់ទាក់ ខ្ញុំពេញចិត្តអ្វីអ្វីគ្រប់យ៉ាងនៅកម្ពុជា ដែលពុំមានអ្វីខ្វះខាតទាល់តែសោះ តាំងពីផ្នែកដឹកជញ្ជូន ការស្នាក់នៅ សុទ្ធតែមានភាពល្អឥតខ្ចោះ។ ទីកន្លែងនានាដែលខ្ញុំធ្លាប់បានទៅដល់នៅទឹកដីសហរដ្ឋអាមេរិកនោះ គឺនៅគ្រប់រដ្ឋទាំងអស់ ពុំមានអ្វីដែលប្រសើរជាងដែលខ្ញុំធ្លាប់បានឆ្លងកាត់នៅកម្ពុជាឡើយ»

លោកបន្ដថា បើនិយាយពីការវិនិយោគវិញពេលខ្លះ អ្នកវិនិយោគមានការប្រុងប្រយ័ត្ន នៅពេលដែលពួកគេវិនិយោគនៅតាមបណ្តាប្រទេសក្រីក្រ ដូចជាលើវិស័យអចលនវត្ថុ ឬអាជីវកម្មនានា ពួកគេមានហានិភ័យខ្លាចបាត់បង់ការវិនិយោគរបស់ខ្លួន ប៉ុន្តែប្រសិនបើអាជ្ញាធរ ឬរដ្ឋាភិបាលមានការធានាថា បញ្ហាបែបនេះនឹងមិនកើតមានឡើងនោះទេ លោកជឿថាការវិនិយោគដោយក្រុមហ៊ុន និងប្រជាពលរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជានឹងមានច្រើន។

លោកបន្ថែមទៀតថា នេះជាឱកាសដ៏ល្អវិសេសវិសាល ដែលជឿថាការវិនិយោគនៅក្នុងប្រទេស និងមានការកើនឡើង ប្រសិនបើមានកិច្ចព្រមព្រៀងរវាង សហរដ្ឋអាមេរិកនិងកម្ពុជា ដែលក្នុងនោះរដ្ឋាភិបាលកម្ពុជា ផ្តល់ការធានាដល់ការវិនិយោគិន ថាការវិនិយោគរបស់ពួកគេនឹងមានសុវត្ថិភាព៕