(ភ្នំពេញ)៖ ជនបែកថ្នាំម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ សហការជាមួយ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ប្រើពេលជាង៣ម៉ោង ដេញតាមប្រម៉ាញ់ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ ទាំងយប់បន្ទាប់ពីជននេះ បានសុំផ្លែស្វាយពីជនរងគ្រោះហូបរួច ស្រាប់តែចាក់សម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួល បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ចាក់សម្លាប់ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខD៤ ផ្លូវលេខ៦២R ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធបទល្មើសឃាតុកម្មមានឈ្មោះ យ៉ែម ទឹម អាយុ២៣ឆ្នាំ រីឯជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហួន ណាក់ អាយុ២៥ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបន្តថា យោងតាមសាក្សីដែលនៅកន្លែងកើតហេតុ មុនកើតហេតុ ជនរងគ្រោះរួមជាមួយក្រុមគ្រួសារ៣នាក់ កំពុងអង្គុយហូបស្វាយខ្ចី ខណៈនោះក៏លេចមុខជនបែកថ្នាំខាងលើ បានដើរមកសុំស្វាយហូបដែរ ដោយក្រុមគ្រួសារជនរងគ្រោះបានឲ្យស្វាយ១ផ្លែ ទៅជនសង្ស័យហូប។

មួយសន្ទុះក្រោយមក ជននេះបានដើរមកម្ដងទៀត ដោយដៃមានកាន់កូនកាំបិតបានស្ទុះមកចាក់លើជនរងគ្រោះចំគល់ក បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។ មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបញ្ជាក់ទៀតថា បន្ទាប់ពីចាក់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ប្រើពេលជាង៣ម៉ោងដេញតាមប្រម៉ាញ់ចាប់ខ្លួនបានភ្លាមៗទាំងយប់ នៅត្រង់ចំណុចបន្ទប់ជួលលេខ៧ ស្ថិតនៅក្នុងផ្សារសុភមង្គល ក្រុមទី១៣ ភូមិទួលសង្កែ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕