(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងក្រុមការងារ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ពេលនេះ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមការងារថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ដែលបានដំណើរការថត បានរយ:ពេលមួយថ្ងៃ ស្ថិតនៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងសហអ្នកដឹកនាំរឿង អនុប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» បានឲ្យដឹងថា ក្រុមការងារ បានចាប់ផ្តើមថតពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចភូមិ-ឃុំ ដូចខាងលើ ។

លោក ហ៊ុយ វាសនា ឲ្យដឹងទៀតថា ក្នុងដំណើរការថតនេះដែរ ក្រុមការងារ មានផែនការ ឲ្យមានតួសម្ដែងចំនួន ៨រូប រួមជាមួយប្រជាជនមួយចំនួន។ ដោយឡែក នៅថ្ងៃទី ២៣ ខែកុម្ភ: គ្រោងតួសំខាន់ៗ ១៨នាក់ និងយុទ្ធជនចំនួន ៤០រូបផងដែរ និងប្រជាជន២០រូប។

លោក ហ៊ុយ វាសនា បានបន្តថា វឌ្ឍនភាពនៃដំណើរការថតខ្សែភាពយន្តភាគ ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់ពេលនេះ មានការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពី នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហ៊ាង ទ្រីទីប្រឹក្សាផ្ទាល់របស់ក្រុមគណៈកម្មការ ផលិតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី»។ហើយខ្សែភាពយន្តភាគរឿងនេះដែរ នឹងត្រូវថតពី៧០ ទៅ៨០% នៅលើភូមិសាស្រ្ត ទឹកដីខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមការងារគណៈកម្មការផលិតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ដែលនឹងត្រូវចំណាយពេលវេលាច្រើន ដើម្បីថតខ្សែភាពយន្តនេះនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បានឧបត្ថម្ភជាថវិកាចំនួន ៤០លានរៀល ដល់ក្រុមការងារថតភាពយន្តផងដែរ ដើម្បីទុកប្រើប្រាស់នៅក្នុងដំណើរការនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានសម្ដែងការកោតសរសើរ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងដំណើរការថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» និងបាននាំសិល្បករសិល្បការិនីមកផ្ដិតយករូបភាព លើទឹកដីក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាទីតាំងជាក់ស្ដែង សម្រាប់ទុកជាប្រវត្តិសាស្ត្រ ឱ្យអ្នកជំនាន់ក្រោយបានឃើញផងដែរ ៕