(ភ្នំពេញ)៖ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ហើយលោកបានចាត់ទុកថា ពានរង្វាន់នេះជាការទទួលស្គាល់មិនត្រឹមតែប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។

ការលើកឡើងរបស់ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានធ្វើឡើងនៅក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ អំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ បានសម្ដែងនូវអំណរសាទរជូនចំពោះ សម្តេចតេជោដែលបានទទួលមេដាយសន្តិភាពស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់មិនត្រឹមតែប្រទេសកម្ពុជាទេ ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ - SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា «បិតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕