(ភ្នំពេញ)៖ ប្រទេសសិង្ហបុរីបន្តគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយកម្ពុជា និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនេះ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ បានសម្ដែងនូវអំណរសាទរជូនចំពោះ សម្តេចតេជោដែលបានទទួលមេដាយសន្តិភាពស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់មិនត្រឹមតែប្រទេសកម្ពុជាទេ ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។

លោក វីវៀន បាឡាគ្រីស្ហ្សណាន់ ក៏បានសម្ដែងនូវការអបអរសាទរជូន សម្តេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេនៅក្នុងតំបន់ និងច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ធ្វើឱ្យអត្រានៃការស្លាប់ ក៏មានទាបជាងគេដែរ ដែលនេះជាកត្តាធ្វើឲ្យកម្ពុជា អាចបើកប្រទេសដំណើរការឡើងវិញ បានឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរី ក៏មានចំណាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ។ ក្នុងន័យនេះ លោកបានជម្រាបជូនសម្ដេចតេជោថា សិង្ហបុរីបន្តគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ ដែលបានសម្ដែងការអបអរសាទរជូនចំពោះសម្ដេច ការនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជា ជាតំបន់សុវត្ថិភាពបើកការហោះហើរឡើងវិញ។

សម្តេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញការវិនិយោគនៅកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន៕