(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីប្រាប់ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី អំពីគោលបំណង៣ចំណុចរបស់សម្តេច ក្នុងការទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យ រដ្ឋមន្រ្តីការបរទេសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោ ក៏បានជម្រាបជូន លោក វីវៀន បាឡាគ្រីស្ហ្សណាន់ ផងដែរ អំពីគោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមាន៖ ទី១៖ គឺធ្វើយ៉ាងណាកាត់បន្ថយ ឬលុបបំបាត់អំពើហិង្សាតាមរយៈការឈប់បាញ់គ្នា, ទី២៖ រកវិធីផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង និងទី៣៖ គឺបង្កើតនូវការសន្ទនា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងកាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ព្រមទាំងធានាសម្របសម្រួលឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់ផងដែរ៕