(ភ្នំពេញ)៖ លោក សាឡឺមសៃ ឃុំម៉ាសុីត រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអះអាងថា រដ្ឋាភិបាលប្រកាន់ជំហរគាំទ្រដល់ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន កាលពីខែមករាកន្លងទៅនេះ។

ការអះអាងរបស់រដ្ឋមន្រ្តីការបរទេសឡាវ បានធ្វើឡើង ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលរដ្ឋមន្រ្តីការបរទេសរូបនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ប្រមុខការទូតឡាវ បានសម្ដែងនូវការអបអរសាទរជូនចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយបានបន្តថា រដ្ឋាភិបាលឡាវគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន និងបន្តសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ទាំងក្នុងតំបន់ និងនៅក្នុងឆាកអន្តរជាតិ។

លោក សាឡឺមសៃ បានពាំនាំនូវការផ្ដាំផ្ញើសាសួរសុខទុក្ខពី ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឡាវ ជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូន សម្ដេចតេជោថា លោកបានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ប្រកបដោយផ្លែផ្កា ក្នុងនោះ បានឯកភាពគ្នាជំរុញអនុវត្តរាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាកន្លងមក។

លោកក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រដ្ឋាភិបាលឡាវ ប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្ដេចតេជោ និងប្រជាជនកម្ពុជា ដែលកន្លងមក បានជួយរដ្ឋាភិបាលឡាវ ប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង ការផ្ដល់រថយន្ត ក៏ដូចជាបរិក្ខារផ្សេងៗទៀត ក្នុងការឲ្យឡាវប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ហើយលោកបានសម្ដែងនូវការអបអរសាទរ ជូនចំពោះកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក សាឡឺមសៃ ដែលបានពាំនាំការសួរសុខទុក្ខពី លោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោ។ សម្ដេចតេជោបានមានប្រាសាសន៍ថា ប្រទេសយើងទាំងពីរត្រូវតែជួយគ្នាទៅវិញទៅមក នេះគឺជាការចាំបាច់ ក្នុងនាមជាប្រទេសបងប្អូន ហើយសម្ដេចតេជោ បានសម្ដែងនូវការឯកភាព ជាមួយនឹងការលើកឡើងរបស់ លោកសាឡឺមសៃដែលបាន ជម្រាបជូនថា បានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន ហើយបានឯកភាពគ្នា ក្នុងការជំរុញ កិច្ចការទាំងឡាយណា ដែលបាន មានការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូល រវាងប្រទេសទាំងពីរហើយ។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមាន ការរីករាយណាស់ ជាមួយនឹងវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕