(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ រួមដំណើរដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់ និងមន្ត្រីមួយចំនួនទៀត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងសម្ភារប្រគេនដល់ព្រះសង្ឃ នៅតាមបណ្ដាវត្ត ចំនួន៥វត្ត ក្នុងមូលដ្ឋាន ដើម្បីរៀបចំឱ្យបានមុន ថ្ងៃសីលពេញបូណ៌មី ហើយក៏ជាថ្ងៃ «បុណ្យមាឃបូជា» ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់វត្តចំនួន៥ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលទទួលបានទេយ្យទាន និងសម្ភារ ពីក្រុមការងារដឹកនាំដោយលោក ឯក ឃុនដឿន សម្រាប់រៀបចំថ្ងៃសីលពេញបូណ៌មី និងជាថ្ងៃ «បុណ្យមាឃបូជា» រួមមាន៖ វត្តឧត្តរាវត្តី, វត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក), វត្តទួលសុណ្ណារាម (ហៅវត្តទួលសង្កែ), វត្តញាណរង្ស៉ី, និងវត្តកោះមេត្តាពោធិ៍វង្ស ដោយក្នុង១វត្តៗទទួលបាន អង្ករ១០០គីឡូក្រាម, មី៥កេស, ទឹកសុទ្ធ៥កេស, ជែលលាងដៃ១០កេស, និងបច្ច័យ ៤០០,០០០រៀល។

ក្នុងសកម្មភាពសមធម៌នេះ លោក ឯក ឃុនដឿន បានបន្តជុំរុញបន្ថែមទៀត ឱ្យមានការចូលរួម ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ចាំបាច់ទាមទារឱ្យមានការរក្សាអនាម័យជាប់ជានិច្ច តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជុំរុញ ក្នុងទិសដៅឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលចូលក្នុងសហគមន៍ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕