(ភ្នំពេញ)៖ អ្នកលក់ឡេតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ អ្នកលក់ឡេអនឡាញដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះថា JJ Ching។

ក្នុងដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ស្ដ្រីម្នាក់នេះឈ្មោះ សៅ លីឈីង អាយុ២៩ឆ្នាំ ពាក់ព័ន្ធករណី បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅមុខហាងរបស់ស្ដ្រីខាងលើនេះផ្ទាល់តែម្ដង ឈ្មោះ ក្រុមហ៊ុន ជេឈីង ដែលមានទីតាំងស្ថិតក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីចាប់ខ្លួនស្ដ្រីរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕