(តូក្យូ)៖ លោក ហ្វូ៊មីអូ គីហ្ស៉ីដា (FUMIO Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា លោកចង់ឱ្យប្រទេសជប៉ុន និងប្រទេសកម្ពុជា មានទំនាក់ទំនងកាន់តែសុីជម្រៅ និងក្លាយជាដៃគូសំខាន់ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

ការបញ្ជាក់បែបនេះរបស់ លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក FUMIO Kishida នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងការបញ្ជាក់បន្ថែមអំពីការគាំទ្ររបស់ សម្តេចតេជោក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជា នៅខេត្តព្រះសីហនុ នាពេលខាងមុខ ហើយក្នុងនោះ សម្តេចតេជោ ក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា «គប្បីធ្វើយ៉ាងណាឱ្យខួបនេះក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាធ្លាប់ជាប្រទេសទទួលកម្លាំង PKO ក្នុងឆ្នាំ ១៩៩២-១៩៩៣ បច្ចុប្បន្នកម្ពុជាជាប្រទេសចូលរួមចំណែកការពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើនដែលកំពុងមានជម្លោះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការខិតខំរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចជាកាលតែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការ PKO របស់ជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ ដោយនេះគឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសាកល ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។

នាយករដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមអំពីសារសំខាន់ការប្រារព្ធខួបទី៧០ឆ្នាំ នៃចំណងការទូតផ្លូវការជប៉ុន-កម្ពុជា នៅឆ្នាំ២០២៣ខាងមុខ ដោយបានសង្កត់ធ្ងន់ថា ខួបទី៧០ឆ្នាំនេះ នឹងជាឆ្នាំនៃការបន្តពង្រឹង ពង្រីក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែល សម្តេចតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយក៏សង្ឃឹមផងដែរថា កម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំនឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាស៊ានកំពុងមានកង្វល់៕