(កំពង់ស្ពឺ)៖ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលឱ្យខ្ជាប់ខ្ជួន ដើម្បីការពារការរីករាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។

ការអំពាវនាវបែបនេះរបស់ យឿន យឿត បានធ្វើឡើងនៅក្នុងឱកាសចុះសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

នាឱកាសនោះដែរ លោក យឿន យឿត បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ននេះកម្ពុជា ពុំមានករណីស្លាប់ដោយសារកូវីដ១៩ ក្តី ប៉ុន្តែការរីករាលដាលនូវមេរោគកូវីដ១៩ បំប្លែងថ្មី នៅតែបន្ត ដូច្នេះ ត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលលោកបានខិតខំទប់ស្កាត់ដើម្បីសុខុមាលភាពរបស់ប្រជាជនទាំងអស់គ្នា។

លោកបានឱ្យដឹងទៀតថា មានតែប្រទេសកម្ពុជាទេ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ស្រោចពេញប្រទេសដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយថែមទៀតផង។

លោក យឿន យឿត បានបន្តថា ខណៈដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសនោះ ហើយបងប្អូនណាដែលមិនទាន់បានចាក់គប្បីប្រញ៉ាប់ទៅចាក់ ដើម្បីបង្ការខ្លួនឱ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ ខណៈមេរោគកូវីដ១៩នេះ នៅតែបន្តយាយីនៅលើពិភពលោកនៅឡើយ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។

បន្ថែមពីនេះ មន្ត្រីចុះមូលដ្ឋានរូបនេះ បានបញ្ជាក់ថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅទេ ដោយសម្តេចបានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។

ជាងនេះទៅទៀតសម្តេចតេជោ ក៏បានជំរុញដល់មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរឱ្យតែនៅក្នុងប្រទេសកម្ពុជា តាំងពីដូសទី១ រហូតដល់ដូសទី៤ ស្របតាមការវិវិត្តនៃជំងឺកូវីដ១៩៕