(មណ្ឌលគិរី)៖ កាកបាទក្រហមកម្ពុជា បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ៨០០កេស ស្មើនឹង(១២,៨០០)ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ជាសាខាទី២៥ចុងក្រោយ, អនុសាខាចំនួន៥ មន្ទីរពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក កៀង វឌ្ឍនៈ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានរួមចំណែកទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមរយៈការអប់រំផ្សព្វផ្សាយពីវិធានការនានារបស់ក្រសួងសុខាភិបាល ការផ្តល់អំណោយជាស្បៀងអាហារ ក៏ដូចជា ការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសាធារណៈ។

ទន្ទឹមនឹងនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យ តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលបានខិតខំជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ លោក កៀង វឌ្ឍនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដើម្បីឲ្យកម្ពុជាចៀសផុតនូវមហន្តរាយ ដូចច្នេះបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានោះ លោក ថង សាវុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ជាពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត និងនិយាយដោយឡែកជួយគាំទ្រធនធានសម្ភារៈ និងថវិកាក្នុងការឆ្លើយតបការងារមនុស្សធម៌នៅក្នុង ឆ្នាំ២០២១ កន្លងមកនេះ សាខា និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេង គ្រួសារចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ ជែលលាងដៃខាងលើនេះ ជាអំណោយរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជាជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងជំហានទី២ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។

សូមជម្រាបជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានជែលលាងដៃចំនួន ៣៩៧កេស (ស្មើនឹង ៦.៣៥២ដប), អនុសាខា ក្រុងសែនមនោរម្យ ទទួលបាន ៣៥កេស ស្មើនឹង ៥៦០ដប, អនុសាខា ស្រុកកោះញែកទទួលបាន ៣៥កេស ស្មើនឹង ៥៦០ដប, អនុសាខា កែវសីមា ទទួលបាន ៣៥កេស ស្មើនឹង ៥៦០ដប, អនុសាខា ស្រុកពេជ្រាដា ទទួលបាន ៣៥កេស ស្មើនឹង ៥៦០ដប, អនុសាខា ស្រុកអូររាំង ទទួលបាន ៣៥កេស ស្មើនឹង ៥៦០ដប, ក្រមប្រឹក្សាខេត្ត ៤កេស ស្មើនឹង ៦៤ដប, គណៈកម្មាធិការសាខាខេត្ត ទទួលបាន ២៨កេស ស្មើនឹង ៤៤៨ដប, កងកម្លាំងទាំង៣(២០កេស/កងកម្លាំង) ទទួលបាន ៦០កេស ស្មើនឹង ៩៦០ដប, មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ទទួលបាន ៥០កេស ស្មើនឹង ៨០០ដប, មន្ទីរអប់រំយុវជន និងកីឡាខេត្ត ទទួលបាន ៥០កេស ស្មើនឹង ៨០០ដប, មន្ទីរអង្គភាពជុំវិញខេត្ត(១អង្គភាព/១កេស) ទទួលបាន ៣៦កេស ស្មើនឹង ៥៧៦ដប។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់ជែលលាងដៃរួចមក សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដោយមានការដឹកនាំកិច្ចប្រជុំ ពីសំណាក់ លោក កៀង វឌ្ឍនៈ និងលោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ៥ក្រុង-ស្រុក មន្ត្រីប្រតិបត្តិសាខា និងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ១៣នាក់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ ស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី៕