(ស្វាយរៀង)៖ នាថ្ងៃពុធ ១៥កើត ខែមាឃ ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២នេះ គឺជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាបុណ្យមួយ ក្នុងបណ្ដាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។

ជាក់ស្តែងលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានដឹកនាំពុទ្ធបរិស័ទ និងព្រះសង្ឃ រៀបចំពិធីបុណ្យមាឃបូជា និងមានពិធីរាប់បាតប្រគេន ព្រះសង្ឃចំនួន៩៥អង្គ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ក្រោមការរៀបចំរបស់ព្រះគ្រូ សច្ចកល្យាណោ យ៉ន សុខសាន្ត ព្រះវិន័យធរអនុគណក្រុងស្វាយរៀង។

លោក ទីវ សុភា បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់ ក្រសួងធម្មការ និងសាសនា និងការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានសហការជាមួយព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង បានប្រារព្ធពិធីបុណ្យមាឃបូជា និងមានពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន៩៥អង្គ ដោយមានការចូលរួមពីពុទ្ធបរិស័ទ ដោយអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។

សូមបញ្ជាក់ថា យោងតាមឯកសារដែលមាននៅក្នុងព្រះរាជពិធីទ្វារទសមាសបានបញ្ជាក់ថា៖ ប្រភពនៃបុណ្យមាឃបូជា គឺជាបុណ្យមួយដែលមានសារៈសំខាន់ណាស់ សម្រាប់វិស័យពុទ្ធសាសនា ដោយមានអត្ថន័យ២យ៉ាង គឺប្រភពទី១៖ បុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃ នៃការប្រជុំចតុរង្គសន្និបាតនៃព្រះអរហន្ត ១ ២៥០អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឫក្សដ៏ធំមួយរបស់ ព្រះសក្យមុនី គោត្តមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះ មានតែម្តងគត់នាសម័យពុទ្ធកាល។

ប្រភពទី២៖ បុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ចំពោះមុខមារប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀតនៅមុនពុទ្ធសករាជ៣ខែ សម័យនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវក ហើយប្រកាសដាក់ព្រះជន្មា យុសង្ខារ របស់ព្រះអង្គ។

សម្រាប់ពុទ្ធសាសនិកកម្ពុជា ក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូចប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀតដែរ ពោលគឺចាប់តាំងពីរជ្ជកាលព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ មុនីវង្សមក រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅ យ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕