(សៀមរាប)៖ មន្រ្តីកាកបាទក្រហមខេត្តសៀមរាប បាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ចែកជូនដល់ប្រជាពលរដ្ឋជិត ២០០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំ និងប៉ើងដំបូលផ្ទះ ស្ថិតនៅឃុំស្រែណូយ និង ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

អំណោយទាំងអស់នេះ ត្រូវបាននាំយកទៅចែកជូនដោយលោក ប៊ុន ថារិទ្ធ តំណាងឲ្យលោក ឃឹម ប៊ុនសុង ប្រធានកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង រួមនិងមន្រ្តីកាកបាទក្រហមក្នុងខេត្តជាច្រើនរូបទៀត។

យោងតាមមន្រ្តីកាកបាទក្រហមខេត្តសៀមរាប បានឲ្យដឹងថា គ្រួសារ ដែលត្រូវខ្យល់បក់ប៉ើងដំបូលផ្ទះ ១៦១គ្រួសារ ទទួលបានសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួន រួមនិងថវិកា៥ម៉ឺនរៀល។ ដោយឡែកគ្រួសារ ដែលត្រូវខ្យល់វាយបក់បោកឲ្យរលំផ្ទះទាំងស្រុងចំនួន១១គ្រួសារ ទទួលបានសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយគ្រួសារ ៥០ម៉ឺនរៀល។

មន្រ្តីកាកបាទក្រហម បានចាត់ទុកអំណោយទាំងអស់នេះ គឺជាជំនួយសង្រ្គោះបឋមសម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយសារគ្រោះធម្មជាតិ។ ប្រជាពលរដ្ឋរងគ្រោះ ក៏បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងបានចុះជួយដោះស្រាយទុក្ខលំបាករបស់គាត់ បើទោះ បីអំណោយនោះតិចតួចក្តី តែបានឆ្លើយតបទាន់ពេលវេលា នូវទុក្ខលំបាកក្នុងជីវភាព៕