(ព្រះវិហារ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៦នេះ បានដឹកនាំ រដ្ឋលេខាធិការ និង លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យសាលាចំនួនបីក្នុងស្រុករវៀ​ង ខេត្តព្រះវិហារ អំពីកង្វះទឹកសម្រាប់ប្រើប្រាស់ និងចំអិនអាហារពេលព្រឹក។

នៅក្នុងពិធីនេះ លោករដ្ឋមន្ត្រីបានផ្តល់ជូនដល់សាលាចំនួនបី ដែលក្នុងមួយសាលាទទួលបាន ស៊ីទែនទឹកចំណុះ៣០០០លីត្រ ចំនួន១ ទឹកបរិសុទ្ធចំណុះ២០លីត្រ ចំនួន៤០ប៊ីដុង ទឹកបរិសុទ្ធសម្រាប់សិស្សានុសិស្សក្នុង១នាក់ ១ដប និងថវិកាក្នុង១ សាលា៤០០,០០០រៀល។

សាលាទាំងបីរួមមាន៖
១. សាលាបឋមសិក្សាថ្នល់កោងៈ គ្រូសរុប៧នាក់ ស្រី៦នាក់ សិស្សសរុប១៦២នាក់ ស្រី៦៥នាក់
២. សាលាបឋមសិក្សាដីក្រហមៈ គ្រូសរុប៦នាក់ ស្រី២នាក់ សិស្សសរុប១៤៣នាក់ ស្រី៨៩នាក់
៣. សាលាបឋមសិក្សាឳឡឹកៈ គ្រូសរុប៧នាក់ ស្រី៤នាក់ សិស្សសរុប១៩២នាក់ ស្រី៩៧នាក់
សាលាទាំងបីខាងលើ ចាប់ផ្តើមអនុវត្តកម្មវិធីអាហារពេលព្រឹក ក្រោមការឧបត្ថម្ភរបស់អង្គការកម្មវិធីអាហារពិភពលោក តាំងពីឆ្នាំ២០១២។

សូមបញ្ជាក់ថា សាលាទាំងបីនេះ បានបញ្ឈប់ចំអិនអាហារពេលព្រឹកតាំងពីចូលឆ្នាំថ្មីរួច ព្រោះខ្វះទឹកសម្រាប់ប្រើប្រាស់៕