(តូក្យូ, ជប៉ុន)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

យោងតាមទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដំណើរចូលជួបរដ្ឋមន្ត្រីការបរទេសជប៉ុននេះ ក៏មានការអមដំណើរដោយលោក ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ បំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងការអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ត្រូវបានលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជម្រាបសម្តេចសម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ៕