(បាត់ដំបង)៖ តំបន់រ៉ាមសារព្រែកទាល់ នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មើលពីលើអាកាស ពោរពេញដោយព្រៃលិចទឹក ដែលមិនមែនជាជម្រកត្រីពងកូនទេ តែជាជម្រកពងកូនរបស់សត្វស្លាបជាច្រើនប្រភេទ។ នេះបើយោងតាមវីដេអូ ដែលបង្ហោះដោយក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

តំបន់នេះ ជាតំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែប នៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វជាង៨០០ប្រភេទ។

តំបន់ស្នូលព្រែកទាល់ត្រូវបានដាក់ជាតំបន់ដីសើមរ៉ាមសារ នៅខែធ្នូ ឆ្នាំ២០១៥ ហើយការដាក់តំបន់នេះជាតំបន់រ៉ាមសារ បានផ្តល់អត្ថប្រយោជន៍ គឺមានជំនួយអាចអភិរក្សប្រភេទសត្វស្លាបកម្រ រុក្ខជាតិ ប្រព័ន្ធអេកូឡូហ្ស៉ី ជីវៈចម្រុះ និងផ្តល់ផលចំណេញដល់សហគមន៍ ពីការទាក់ទាញទេសចរណ៍។

នៅក្នុងរូបភាពនេះ បងប្អូនអាចមើលឃើញព្រៃលិចទឹកដែលមានពណ៌ស គឺជាទីតាំងពងកូនរបស់សត្វស្លាបជាច្រើនប្រភេទនៅតំបន់ស្នូលព្រែកទាល់។

គួរបញ្ជាក់ថាប្រទេសកម្ពុជា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា៕