(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ស្រី កានឿន បានសម្ដែងពីមោទនភាព ដោយមើលឃើញពីភាពរីករាយរបស់ប្រជាពលរដ្ឋ ចំពោះដំណើរការអភិវឌ្ឍរបស់លើគ្រប់វិស័យ របស់រដ្ឋបាលខេត្តកំពង់ចាម។

លោក ស្រី កានឿន បានថ្លែងថា ថ្វីត្បិតតែ ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តមានការមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមានលោក អ៊ុន ចាន់ដា ជាគណៈអភិបាលខេត្ត បានរួមឯកភាពគ្នាជាធ្លុងមួយ ជាមួយថ្នាក់ដឹកនាំមន្ទីរក្រោមឱវាទទាំងអស់ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចធ្វើឱ្យការរស់នៅរបស់ពួកគាត់មានភាពកាន់តែល្អប្រសើរឡើង។ នៅដើមឆ្នាំ ២០២២ នេះ ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើនកំពុងតែដំណើរការ ដើម្បីបន្ថែមសម្រស់ក្នុងខេត្តកំពង់ចាម បន្តពីថ្នាក់ដឹកនាំខេត្តពីមុនៗ។

ជាមួយគ្នានេះដែរ លោក ប៉ុង យ៉េន សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណដល់ចំណាត់ការរបស់លោកអភិបាលខេត្ត ដែលបានសាងសង់ផ្លូវបេតុងតាមបណ្ដាលសង្កាត់ ក្នុងក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅតាមសំណូមពររបស់សមាជិកក្រុមប្រឹក្សាខេត្តនាពេលកន្លងមក។

លោកបានសំណូមពរសូមឱ្យខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះពិនិត្យ និងជួសជុលផ្លូវសំបុកមាន់ នៅចំណុចផ្សារព្រែកដើមចាន់ ប្រវែងប្រហែល ១០០ម៉ែត្រ និងផ្លូវសូរិយវរ្ម័ន ជាង១,០០០ម៉ែត្រ ក្នុងសង្កាត់សំបួរមាសនោះដែរ ដើម្បីសម្រួលដល់ការលក់ដូរ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែកលោកស្រី អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត ក្រៅពីការគាំថ្នាក់ដឹកនាំខេត្ត ក៏បានសំណូមពរ សូមឱ្យស្ថាប័នមន្ទីរអប់រំយុវជន និងកីឡាខេត្ត ពិនិត្យឡើងវិញទាក់ទងទៅនឹងការតម្រូវឱ្យបង់ថ្លៃរៀនគួរ មានតម្លៃខ្ពស់របស់លោកគ្រូ អ្នកគ្រូ ដែលប្រការនេះធ្វើឱ្យមានការប៉ះពាល់សតិអារម្មណ៍ដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាជីវភាពដោយសារពួកគាត់មានកូនច្រើន ហើយតម្រូវឱ្យកូនៗ សិក្សាបន្ថែមក្រៅម៉ោងរដ្ឋ។

ឆ្លើយតបទៅនឹងសំណូមពររបស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងការជួសជុលផ្លូវសំបុកមាន់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរជំនាញ ចុះធ្វើកិច្ចការនេះបន្ទាន់ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ដោយឡែកទាក់ទងទៅនឹងវិស័យអប់រំ (ការបង្រៀនគួរយកតម្លៃថ្លៃ) អាចជាករណីបុគ្គលមួយចំនួនតូចតែប៉ុណ្ណោះ ដែលប្រការនេះរដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តែងតែបានណែនាំដល់គ្រូបង្រៀនរួចមកហើយ ពោលគឺមិនអនុញ្ញាតឱ្យសិស្សបង់លុយលើការសិក្សា ឬលើឯកសារនោះទេ ហើយប្រការនេះលោកអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តជាថ្មី ឱ្យជួយពិនិត្យមើលឡើងវិញ ធ្វើយ៉ាងណាឱ្យពួកគាត់យកថ្លៃរៀនគួរ ក្នុងកម្រិតមួយសមរម្យដែលប្រជាពលរដ្ឋអាចទទួលយកបាន និងចៀសវាងការដាក់សម្ពាធ ឬការបង្ខិតបង្ខំពាក់ព័ន្ធនឹងការដាក់ពិន្ទុ នៅក្នុងម៉ោងសិក្សារបស់រដ្ឋ៕