(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយដី ដ៏កក្រើកមួយកម្រិត ៧,៨ រ៉ិចទ័របានវាយប្រហារភាគឦសាន ប្រទេសអេក្វាទ័រ ជាប់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីកន្លះខែមុន បានបង្កក្តីវិនាសអន្តរាយរាប់ មិនអស់ ប៉ុន្តែក៏ជាសំណាងល្អផងដែរដែលជនរងគ្រោះ ១១៣នាក់ ត្រូវបានយកចេញពីគំនរអគារបាក់បែក ទាំងនៅមានជីវិត ស្របពេលដែលអ្នកស្លាប់សរុប រហូតមកដល់ពេលនេះមាន ៦៥៩នាក់។ នេះបើតាមស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។

ក្នុងចំណោមអ្នកស្លាប់ទាំង ៦៥៩ នាក់នោះមាន ៦៤៥នាក់ហើយ ដែលត្រូវបានកំណត់ អត្តសញ្ញាណរួចរាល់ ខណៈដែលមនុស្ស ៤,៦០៥នាក់ទៀតបានរងរបួស និងកំពុងសម្រាក ព្យាបាលនៅឡើយ។ ងាកមកមើលចំនួនមនុស្សបាត់ខ្លួនវិញ គឺនៅសល់ ៣៣នាក់ និង ប្រជាជនដែលកំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នមាន ២២,៤២១នាក់។

គួរបញ្ជាក់ថាសម្រាប់ខេត្ត Las Guayas, Los Rios និង Santa Elena ដែលស្ថិតនៅក្បែរ តំបន់រងគ្រោះរញ្ជួយដីនោះ នៅតែស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ។ រដ្ឋាភិបាលអេក្វាទ័រ នឹងធ្វើការបូកសរុបការខូចខាតដល់សេដ្ឋកិច្ចជាថ្មី បន្ទាប់ពីយុទ្ធនាការសង្គ្រោះត្រូវបញ្ចប់៕