(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រគល់ម៉ូតូ ចំនួន១០គ្រឿង ជារង្វាន់លើកទឹកចិត្តជូនដល់ សិស្សឆ្នើមចំនួន១០នាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងទៅនេះ។

លោក ពិជ្រ សារុំ ប្រធានការិយាល័យអប់រំខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ចាប់តាំងពីមានវត្តមាន លោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន មានភ័ព្វសំណាងបានទទួលការជួយជ្រោមជ្រែង ទំនុកបម្រុងជាបន្តបន្ទាប់ ជាថវិការ សម្ភារៈ និងស្មារតីជារៀងរាល់ឆ្នាំ ពិសេសសិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A កន្លងមក គឺតែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូម្នាក់១គ្រឿងគ្រប់ៗគ្នា។

គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្តម្ភម៉ូតូ បាន៤លើកហើយ ដោយមានចំនួនសរុប ២២គ្រឿង។

ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណជាពន្លឹកដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយ គណៈអភិបាលខណ្ឌ ចែករំលែកធនធានផ្ទាល់ខ្លួន ទិញម៉ូតូ ធ្វើជារង្វាន់លើកទឹកចិត្ត ជូនប្អូនៗសិស្សានុសិស្ស ប្រឡងបាននិទ្ទេស A ដែលប្រពៃណីនេះ លោកក៏ធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយដែរ និងក៏ធ្លាប់បានសន្យាថា ដរាបណាលោកនៅតែជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនឹងនៅតែបន្តផ្តល់រង្វាន់ម៉ូតូ ដល់ប្អូនៗ ដែលជាប់និទ្ទេស A ជារៀងរាល់ឆ្នាំ ទោះចំនួនប៉ុន្មាននាក់ក៏ដោយ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ទាំងអស់ ទាំងវិទ្យាល័យជម្ពូវ័ន និងវិទ្យាល័យ អរុណវត្តី សូមខិតខំរៀនសូត្រឱ្យបានពូកែ និងប្រឡងចាប់បាននិទ្ទេសល្អៗ គ្រប់ៗគ្នា បើទោះបីថាលោកត្រូវអស់អាណត្តិ និងផ្លាស់ចេញពីមូលដ្ឋាននេះក៏ដោយ តែសម្រាប់អភិបាលខណ្ឌឡើងក្រោយ ក៏សង្ឃឹមថានឹងមានរង្វាន់លើកទឹកចិត្តដល់ប្អូនៗជាបន្តផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ សូមកុំឱ្យយកថ្ងៃ១៤កុម្ភៈនេះ ជាថ្ងៃអូសទាញប្អូនឱ្យធ្លាក់ក្នុងអន្លង់អាក្រក់ណាមួយ ព្រោះនោះមិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ សូមបង្វែរទិវា ១៤កុម្ភៈនេះ ទៅជាទិវានៃក្តីស្រឡាញ់, ឪពុកម្តាយ, បងប្អូន, លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិ៕