(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានស្នើធនាគារពិភពលោក (World Bank) ជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀត ដូចជា ពង្រឹងគុណភាព TVET ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រី លោក អ៉ិត សំហេង ជាមួយលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជជែកពិភាក្សាកិច្ចការមួយចំនួនដែលធនាគារពិភពលោកអាចជួយគាំទ្រអ្វីខ្លះដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជកឱ្យយុវជនទទួលបានការងារល្អៗ ដើម្បីបង្កើនចំណូលរបស់ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។

លោក Yasser El- Gammal ពិតជាមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តងលើការបណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជនឲ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

នាឱកាសនោះដែរ លោក អ៉ិត សំហេង ក៏បានជម្រាបជូនលោក Yasser El- Gammal ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងធំៗចំនួន២បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) មានគោលបំណងដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

នៅក្នុងគម្រោង S4C, TVET កម្ពុជាបាននិងកំពុងផ្តោតលើវិស័យជំនាញអាទិភាពចំនួន៣ធំៗ៖ ១.ពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស, ២.លើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែងការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហកម្ម, ៣.ពង្រីកយន្តការហិរញ្ញវត្ថុសម្រាប់ អ.ប.វ និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានសំណូមពរដល់ World Bank សូមជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀត ដូចជា ពង្រឹងគុណភាព TVET ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET លើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET ធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច និងប្រព័ន្ធ TVET និងបានស្នើសុំបន្ថែមវិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET policy និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ឮដែលជំនាញទាំងនេះគឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សា និងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

លោកនាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានគាំទ្រនូវសំណើរ និងសំណូមពរដែលលោករដ្ឋមន្ត្រីបានលើកអំពីអ្វីដែលជាតម្រូវការអភិវឌ្ឍន៍ជំនាញនៅកម្ពុជានេះ ហើយលោកបានបញ្ជាក់បន្ថែមថាធនាគារពិភពលោកប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឲ្យបាននៅចុងឆ្នាំ២០២២ខាងមុខនេះ៕