(ស្ទឹងត្រែង)៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យ (ក៩) នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង, កម្លាំង BLO, កម្លាំងអន្តោប្រវេសន៍ច្រកត្រពាំងគ្រៀល, កម្លាំងនគរបាលការពារព្រំដែនគោកវីរៈ៧០១ បានឃាត់ជនសង្ស័យជនជាតិឡាវម្នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនបានចំនួន១០ដុំ មានទម្ងន់ជិត១០គីឡូក្រាម។

ប្រតិបត្តិឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនជនជាតិឡាវនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ នៅចំណុច ស្ពានទី២ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរ ស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ភីមម៉ាន់ចាន់ កាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឡាវ សញ្ជាតិឡាវ។ វត្ថតាងចាប់យកបានរួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១០កញ្ទប់ធំ ទម្ងន់ ៩.៨៦៦.៥៦ក្រាម។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕